សាលាប៉ាម៉ាអន្តរជាតិ សាខាទី៣ បានសម្ពោធដាក់ឱ្យដំណើរការ និងប្រកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ឆ្នាំ២០២៥-២០២៦ជាផ្លូវការ ក្រោមធិបតីភាពលោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥។ សាលាប៉ាម៉ាអន្តរជាតិ សាខាទី៣ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ១១ ភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ។
ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការសាលាប៉ាម៉ាអន្តរជាតិ សាខាទី៣ ដោយមានការចូលរួមពីតំណាងមន្ទីរអប់រំខេត្ត លោកគ្រូ-អ្នកគ្រូ មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សជាច្រើនរយនាក់ លោកអភិបាលរងខេត្តព្រះសីហនុ បានអះអាងថា សាលាប៉ាម៉ាអន្តរជាតិ បានខិតខំចូលរួមចំណែកក្នុងបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព មានចំណេះដឹង ចំណេះធ្វើ មានសីលធម៌ល្អ មនសិការវិជ្ជាជីវៈ សេចក្តីថ្លៃថ្នូរ និងជាទំពាំងស្នងឬស្សីដ៏ល្អសម្រាប់ជាមូលដ្ឋាននៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍមូលធនមនុស្ស ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងភាពធន់ ក្នុងគោលបំណងធ្វើឱ្យប្រជាជនកម្ពុជា «មានចំណេះដឹងខ្ពស់ និងជំនាញមួយយ៉ាងតិចប្រចាំជីវិត»។ បន្ថែមពីនេះ ក៏បានយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ តាមរយៈការបន្តរិះរកវិធានការ និងយុទ្ធសាស្រ្តបន្ថែមទៀត ដោយធ្វើយ៉ាងណាឱ្យសាលារៀនក្លាយជាអង្គភាពផ្តល់សេវាសាធារណៈដែលមានប្រសិទ្ធភាពខ្ពស់ អភិបាលកិច្ចល្អ និងមានគណនេយ្យភាពជាមួយនឹងប្រជាជន និងសហគមន៍។
រដ្ឋបាលខេត្តព្រះសីហនុ បានយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ ព្រមទាំងការអភិវឌ្ឍកុមារ និងយុវជនឱ្យមានសក្តានុពល ដើម្បីឱ្យក្លាយទៅជាកូនល្អ សិស្សល្អ ពលរដ្ឋល្អក្នុងសង្គម ព្រមទាំងក្លាយទៅជាឆ្អឹងខ្នងដ៏រឹងមាំរបស់ប្រទេសជាតិ។ នេះបើតាមលោក សាមុត សុធារិទ្ធ បញ្ជាក់បន្ថែម។
ទន្ទឹមគ្នានេះ លោក ផុន ផុកឡាំ ជាស្ថាបនិក និងជាប្រធានគណៈគ្រប់គ្រងសាលាប៉ាម៉ាអន្តរជាតិ បានឱ្យដឹងថា សមិទ្ធផលខាងលើនេះ ជាសាខាទី៣ហើយដែលបានសម្ពោធដាក់ឱ្យដំណើរការនៅក្រុងព្រះសីហនុ ខណៈសាខាទី១ ស្ថិតនៅភូមិ១ សង្កាត់លេខ១ និងសាខាទី២ ស្ថិតនៅភូមិអូរ២ សង្កាត់លេខ៤ ខេត្តព្រះសីហនុ។
ជាមួយគ្នានេះ លោកប្រធានគណៈគ្រប់គ្រងសាលាប៉ាម៉ាអន្តរជាតិ បានប្តេជ្ញាចិត្តខ្ពស់ជាមួយលោកគ្រូ-អ្នកគ្រូក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស និងកសាងមូលធនបញ្ញាសម្រាប់ឱ្យពួកគេបំពេញការងារបាននាពេលអនាគត។ បើតាមលោក ផុន ផុកឡាំ បញ្ជាក់ថា៖ «ដើម្បីកសាងមនុស្សជាតិសំខាន់ជាពលរដ្ឋពេលលេញ និងជាសកល យើងបានបណ្តុះបណ្តាលនូវធាតុសំខាន់ៗចំនួន៥ រួមមាន៖ បំណិនសម្បទា កាយសម្បទា វិជ្ជាសម្បទា ចិរយាសម្បទា និងគុណសម្បទា»។
មិនតែប៉ុណ្ណោះ លោកប្រធានគណៈគ្រប់គ្រង បានស្នើសុំមាតាបិតា អណាព្យាបាល សូមជឿជាក់ទាំងស្រុងលើសាលាប៉ាម៉ាអន្តរជាតិក្នុងការបណ្តុះបណ្តាលកូនៗរបស់ខ្លួន ដោយលោកសង្កត់ធ្ងន់ថា សាលាប៉ាម៉ាអន្តរជាតិ មិនត្រឹមតែកសាងអភិវឌ្ឍន៍ធនធានមនុស្សទេ ប៉ុន្តែសាលានឹងកសាងមូលធនបញ្ញា ដើម្បីឱ្យពួកគេមានសមត្ថភាពទៅបង្កើតមូលធនជាទ្រព្យសម្បត្តិផ្សេងៗពិតប្រាកដ។ លើសពីនេះ លោក អះអាងថានឹងខិតខំប្រឹងប្រែងបណ្តុះបណ្តាលកូនៗរបស់មាតិបិតាទាំងអស់ឱ្យទទួលបានលទ្ធផលលើសពីការរំពឹងទុក ដើម្បីក្លាយខ្លួនជាពលរដ្ឋពេញលេញ និងពលរដ្ឋសាកលសម្រាប់បំពេញការងារទាំងនៅក្នុងស្រុក និងក្រៅស្រុក៕
អត្ថបទ៖ ង៉ែត ពិសាន្ត
រូបភាព៖ កែវ ដារ៉ា
















