រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

លោកសាមុត សុធារិទ្ធប្រាប់សិស្សានុសិស្ស៥ចំណុចដើម្បីក្លាយជាឆ្អឹងខ្នងដ៏រឹងមាំរបស់ជាតិ

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

អភិបាលរងខេត្តព្រះសីហនុ លោក សាមុត សុធារិទ្ធ បានណែនាំសិស្សានុសិស្សចំនួន ៥ចំណុចសំខាន់ៗ ដើម្បីក្លាយទៅជាឆ្អឹងខ្នងដ៏រឹងមាំរបស់ប្រទេសជាតិ។ ការណែនាំរបស់លោក សាមុត សុធារិទ្ធ ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សាលាប៉ាម៉ាអន្តរជាតិ សាខាទី៣ នៅភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ និងប្រកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី ឆ្នាំ២០២៥-២០២៦ នាព្រឹកថ្ងៃទី១៦ ខែសីហា។

ចំណែក ៥ចំណុចដែលលោកអភិបាលរងខេត្ត បានណែនាំទៅកាន់សិស្សានុសិស្សរួមមាន៖ ត្រូវប្រមូលកម្លាំងកាយ បញ្ញា ស្មារតី ខិតខំរៀនសូត្រ ខិតខំសិក្សាស្រាវជ្រាវបន្ថែមសម្រាប់ជាស្ពានបន្តការសិក្សា ឬស្វែងរកអាជីពជាប្រយោជន៍សម្រាប់ខ្លួនឯង គ្រួសារ និងប្រទេសជាតិ ជាពិសេសជៀសវាងឱ្យឆ្ងាយពីគ្រឿងញៀន។

«ត្រូវគោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ត្រូវពាក់ខ្សែក្រវ៉ាត់ និងពាក់មួកសុវត្ថិភាព កុំសេពគ្រឿងស្រវឹង ពេលបើកបរដោយត្រូវគោរពតាមទិសស្លោក «ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍» ដើម្បីត្រៀមខ្លួនក្លាយជាយុវជនល្អ ពលរដ្ឋល្អ មន្រ្តីរាជការល្អ បុគ្កលិកល្អនាពេលអនាគតប្រកបដោយមនសិការវិជ្ជាជីវៈ ការទទួលខុសត្រូវ សីលធម៌ល្អ និងការដាក់ខ្លួនបម្រើប្រជាជនដោយស្មោះស ក្នុងបុព្វហេតុជាតិមាតុភូមិដ៏ថ្លៃថ្លា»។ នេះបើតាមលោក សាមុត សុធារិទ្ធ។

លើសពីនេះ ត្រូវចេះស្វ័យសិក្សា ស្វែងយល់ស្រាវជ្រាវដោយខ្លួនឯង ចុះធ្វើការងារជាក្រុម ចេះទំនាក់ទំនង ធ្វើបទបង្ហាញ និយាយជាសាធារណៈ មានភាពជាអ្នកដឹកនាំ និងបំណិនឌីជីថល ចេះប្រើប្រាស់ AI ដើម្បលើកកម្ពស់ការរៀនសូត្រ ការបង្កើតទម្លាប់ល្អក្នុងការរៀនសូត្រ និងបន្តអភិវឌ្ឍបំណិនសតវត្សទី២១ ដោយត្រូវចាប់ផ្តើមពីការអាន និងសរសេរឱ្យបានច្រើនដែលជួយរំញោចខួរក្បាលឱ្យខំប្រឹងគិត យល់ច្បាស់បានស៊ីជម្រៅ និងចងចាំបានល្អប្រសើរជាងគ្រាន់តែទន្ទេញចាំមាត់។

មិនតែប៉ុណ្ណោះ ត្រូវបន្តបណ្តុះនូវឧត្តមគតិជាតិ ជឿនលឿន ការទទួលខុសត្រូវ និងភាពជាអ្នកដឹកនាំដល់យុវជន ដើម្បីឱ្យមានចក្ខុវិស័យរួមចំពោះអនាគតកម្ពុជា ដោយយុវជនត្រូវស្គាល់អំពីតម្លៃខ្លួនឯង មានភាពរហ័សរហួនមានភាពជាគំរូ គោរពចាស់ទុំ កសាងលក្ខណសម្បត្តិវិជ្ជមានឱ្យបានគ្រប់គ្រាន់ និងមានស្មារតីភ្ញាក់រលឹកខ្ពស់។ ពិសេសការយល់ច្បាស់អំពីតម្លៃនៃសន្តិភាព និងការថែរក្សាការពារសន្តិភាពដែលជាខឿនអភិវឌ្ឍលើគ្រប់វិស័យដោយចីរភាព និងនិរន្តរភាព ក៏ដូចជាការក្តាប់ជាប់នូវសភាពការណ៍ភូមិសាស្រ្តនយោបាយ-សេដ្ឋកិច្ច ដែលជះឥទ្ធិពលធ្វើឱ្យមានភាពប្រែប្រួលនៅកម្ពុជា។

បន្ថែមពីនេះ ត្រូវមានស្មារតីស្នេហាជាតិមាតុភូមិរបស់យុវជនឱ្យមានភាពប្រាកដនិយម មានទឹកចិត្តទូលំទូលាយ ស្វាហាប់ ហ្មត់ចត់ និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាប្រចាំដោយប្រកាន់យកអភិក្រម «ការសិក្សាពេញមួយជីវិត» ចេះស្រឡាញ់ជាតិមាតុភូមិ វប្បធម៌សន្តិភាព ការផ្សព្វផ្សាយពីអត្តសញ្ញាណជាតិ គុណតម្លៃជាតិ ការលើកស្ទួយសម្រស់កម្ពុជា ការលើកស្ទួយកិត្យានុភាពជាតិ និងផលិតភាពខ្ពស់ក្នុងស្មារតី «ជឿជាក់លើកម្ពុជា» និង «ខ្មែរធ្វើបាន»៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…