«ច្បាប់ទម្លាប់ត្រូវបានបំផ្លាញដោយពួកឈ្លានពាន»។ នេះជាខ្លឹមសាររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បង្ហោះលើបណ្តាញសង្គមកាលពីល្ងាចថ្ងៃទី១៨សីហា ដោយឆ្លើយតបទៅកាន់កាសែតថៃដែលចុះផ្សាយថា «លោក ហ៊ុន សែន និង ហ៊ុន ម៉ាណែត នឹងត្រូវចាប់ខ្លួនភ្លាមប្រសិនបើរកឃើញក្នុងប្រទេសថៃ»។
បើតាមខ្លឹមសាររបស់សម្តេចតេជោ បានបញ្ជាក់ថា តាមកាសែតថៃចុះផ្សាយមុននេះបន្តិចថា លោកនាយករដ្ឋមន្ត្រីស្តីទីថៃបាននិយាយថា លោក ហ៊ុន សែន និង ហ៊ុន ម៉ាណែត និងត្រូវចាប់ខ្លួនភ្លាមប្រសិនបើរកឃើញក្នុងប្រទេសថៃ។
សម្តេចតេជោ សង្កត់ធ្ងន់ថា ប្រសិនបើការចុះផ្សាយរបស់កាសែតជាសំដីពិតរបស់នាយករដ្ឋមន្ត្រីស្តីទីជិតផុតអាណត្តិបង្ហាញឱ្យឃើញថា គាត់គឺជាមនុស្សព្រៃមិនស្គាល់អ្វីទៅជាច្បាប់ទម្លាប់ហើយមិនទាំងចេះការទូតទៀតផង។
មិនតែប៉ុណ្ណោះ សម្តេចតេជោប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា ប្រសិនបើថៃអាចចាប់មេដឹកនាំកម្ពុជាបាន កម្ពុជាក៏អាចចាប់មេដឹកនាំថៃមួយចំនួនដែលបានឈ្លានពាន និងសម្លាប់ប្រជាជនកម្ពុជាបានដូចគ្នាដែរ។
បន្ថែមពីនេះ សម្តេចតេជោ បញ្ជាក់បន្ថែមថា «ច្បាប់ទម្លាប់ត្រូវបានបំផ្លាញដោយពួកឈ្លានពាន។ តើនេះជាគោលបំណងដើម្បីបង្កើតជំនឿទុកចិត្ត និងឈានទៅរកទំនាក់ទំនងល្អឬបំផ្លាញដើម្បីបង្កើតជម្លោះឡើងវិញក្រោយកិច្ចព្រមព្រៀងឈប់បាញ់?»៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត







