រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សភាពាណិជ្ជកម្មអាម៉េរិកបេ្តជ្ញាជួយទាក់ទាញភ្ញៀវទេសចរអាម៉េរិកមកទស្សនាកម្ពុជាឱ្យកាន់តែច្រើន

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំកម្ពុជា បានបេ្តជ្ញាជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគកម្ពុជាដល់ប្រជាជន និងវិនិយោគិនអាម៉េរិកឱ្យមកទស្សនា និងបណ្តាក់ទុននៅកម្ពុជាឱ្យកាន់តែច្រើនឡើង។ ការប្តេជ្ញារបស់ លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំកម្ពុជា ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២២ ខែសីហា នាទីស្តីការក្រសួង។

ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីភាពជឿជាក់ដ៏មុតមាំរបស់សមាគមលើការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការបោះទុនវិនិយោគជាបន្តបន្ទាប់របស់សមាជិកសមាគម និងគំនិតផ្តួចផ្តើមល្អៗ ដែលបានលើកឡើងដោយសមាគម។

ឯកឧត្តម បានជម្រាបជូនសមាគមពីវិធានការគន្លឹះបន្ទាន់ និងរយៈមធ្យមដែលបានរៀបចំសម្រាប់ឆ្លើយតបនឹងស្ថានការណ៍នាពេលបច្ចុប្បន្ននេះ ហើយក្រសួងទេសចរណ៍ ចាត់ទុកសភាពាណិជ្ជកម្មអាម៉េរិកជាដៃគូសហការដ៏ល្អ និងមិនអាចខ្វះបាន ក្នុងការចូលរួមចំណែកអភិវឌ្ឍ និងការវិនិយោគវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចម្រើន និងកើនឡើងបន្ថែមទៀត។

លោកប្រធានសភាពាណិជ្ជកម្មអាម៉េរិក បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថា សម្រាប់សមាគម និងរូបលោកផ្ទាល់ដែលបានរស់នៅ និងប្រកបអាជីវកម្មនៅកម្ពុជាជាច្រើនឆ្នាំ ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ជាអ្នកស្រលាញ់ និងឱ្យតម្លៃលើសុខសន្តិភាព ដូចដែលបានឮកន្លងមកនូវពាក្យស្លោក «អរគុណសន្តិភាព» គ្រប់ទីកន្លែង ហើយកម្ពុជាបានអភិវឌ្ឍគ្រប់វិស័យ តាមរយៈកត្តាសុខសន្តិភាព៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…