រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ព្យុះទី១៣វិវត្តទៅជាព្យុះសង្ឃរាមានឥទ្ធិពលលើកម្ពុជាដល់ថ្ងៃ២៧សីហា!

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ព្យុះទី១៣ឈ្មោះ កាជិគី (Kajiki) T2513 ក្នុងឆ្នាំ២០២៥ បានវិវត្តទៅជាព្យុះសង្ឃរាមានឥទ្ធិពលលើប្រទេសកម្ពុជា ធ្វើឱ្យបណ្តារាជធានី-ខេត្តស្ទើរទូទាំងប្រទេសអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥។ ទោះជាយ៉ាងណា គន្លងផ្លូវដើររបស់ព្យុះសង្ឃរា កាជីគីនេះ ពុំមានឥទ្ធិពលខ្លាំងមកលើប្រទេសកម្ពុជានោះទេ។ នេះបើតាមការជូនដំណឹងពីក្រសួងធនធានទឹក និងឧតុនិយម។

ប៉ុន្តែព្យុះទី១៣ឈ្មោះ កាជិគី បានវិវត្តទៅជាព្យុះសង្ឃរានេះ មានឥទ្ធិពលលើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងកម្ពុជា។ បើតាមក្រសួងធនធានទឹក បានបញ្ជាក់ថា តំបន់វាលទំនាប មានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្រប់ដណ្តប់លើផ្ទៃដី ៣៥ភាគរយ។

ចំណែក តំបន់ខ្ពង់រាប មានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់ គ្របដណ្តប់លើផ្ទៃដី ៤០ភាគរយ។

ដោយឡែក តំបន់មាត់សមុទ្រ មានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្តប់លើផ្ទៃដី ៣៥ភាគរយ។ រីឯ រលកសមុទ្រមានកម្ពស់ពី ០,៥០ម៉ែត្រ ទៅ២,៥០ម៉ែត្រ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…