ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោក David Ginting ប្រធានក្រុមបេសកកម្មធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ដឹកនាំគណៈប្រតិភូចូលជួបពិភាក្សាការងារ នៅថ្ងៃទី២៥ ខែសីហានេះ។ ក្នុងនោះ AIIB បានគាំទ្រគម្រោងកាត់បន្ថយទឹកជំនន់និងគ្រោះរាំងស្ងួតនៅប្រទេសកម្ពុជា។
ក្នុងកិច្ចជំនួប ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ និងការគាំទ្រយ៉ាងសកម្មរបស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) លើគម្រោងអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា ដូចជាគម្រោងការគ្រប់គ្រងវិស័យធនធានទឹកដោយវិធានការចម្រុះ(IWRM) គម្រោងធារាសាស្រ្តធន់អាកាសធាតុ និងកសិកម្មដែលមានភាពធន់និងមាននិរន្តរភាព(CAISAR) គម្រោងកាត់បន្ថយទឹកជំនន់និងគ្រោះរាំងស្ងួតនៅប្រទេសកម្ពុជាជាដើម។
ការគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការល្អរបស់ AIIB បានធ្វើឡើងឱ្យស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ពីជំហរក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) និងបានបញ្ជាក់ពីការចូលរួមចំណែកយ៉ាងសកម្មរបស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB)ជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការវិនិយោគលើការគ្រប់គ្រងធនធានទឹក ដើម្បីធានាសន្តិសុខទឹក ជំរុញកំណើនសេដ្ឋកិច្ច និងពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ ជាពិសេសការអនុវត្តនូវយុទ្ធសាស្រ្តរំដោះទឹក និងពង្វាងទឹកចេញពីទីក្រុង និងទីប្រជុំជននៅតាមបណ្តាខេត្តមួយចំនួន សំដៅកាត់បន្ថយជាអតិបរមានូវគ្រោះមហន្តរាយធម្មជាតិដូចជា គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងការឡើងកម្ដៅនៃភពផែនដី៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត











