ជនជាតិចិនម្នាក់ ក្នុងចំណោមគ្នា ៥នាក់ ត្រូវបានសមត្ថកិច្ចនាំខ្លួនយកមកសួរនាំក្រោយធ្វើសកម្មភាពបង្ហោះដ្រូនគ្មានច្បាប់អនុញ្ញាត ចេញពីចំណុចអគារខុនដូ L.H ជាន់ទី១៥ សង្កាត់ទន្លេបាសាក់ ដើម្បីផ្ដិតយករូបភាពនៅម្ដុំវិមានឯករាជ្យ និងទីក្រុងកោះពេជ្រ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោងជាង ៩ យប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។
នៅចំពោះមុខសមត្ថកិច្ច បុរសជនជាតិចិនឈ្មោះ LIN YONGGUO អាយុ ៣៤ឆ្នាំ បានឆ្លើយថា គោលបំណងដែលគាត់បង្ហោះដ្រូន នៅទីតាំងខាងលើ គឺដើម្បីផ្តិតយករូបភាព ទៅបង្ហាញមិត្តភក្ដិនៅប្រទេសចិន គឺមិនមានបំណងអ្វីលើសពីនេះទេ។ ក្នុងនោះ សមត្ថកិច្ចបានធ្វើការអប់រំ ណែនាំ ធ្វើកិច្ចសន្យា និងដកហូតដ្រូនរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ










