រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អ្នកឧកញ៉ា ម៉ុង ឫទ្ធី សម្រេចកាប់ចោលដើមដូងប្រេង៥០០ហិកតា ក្រោយបានប្រមូលផលរយៈពេល២៥ឆ្នាំ

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានសម្រេចចិត្តកាប់ចោលដើមដូងប្រេងចំនួន ៥០០ហិកតា បន្ទាប់ពីប្រមូលផលអស់រយៈពេល ២៥ឆ្នាំ ខណៈដែលដើមដូងប្រេងចាស់ៗទាំងអស់នេះ មានការថមថយផលផ្លែផ្កាខ្លាំង។

នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហាញពីសកម្មភាពតាមទំព័រហ្វេសបុក ចុះពិនិត្យមើលក្រុមគ្រឿងចក្រកាត់សំអាតដើមដូងប្រេងដែលដល់អាយុកាល ដោយដាំដុះដើមដូងប្រេងថ្មីជំនួសវិញ។ អ្នកឧកញ៉ាបញ្ជាក់ថា ដូងប្រេងចាប់តាំងពីបណ្តុះកូនរហូតដល់វាបញ្ចេញផ្កាផ្លែ មានអាយុកាល៣៦ខែ ហើយប្រមូលផលរយៈពេល ២៥ឆ្នាំ។ ចំណែកដើមចាស់ គេត្រូវកាត់ចិញ្ច្រាំវាឱ្យទៅជាជីកំប៉ុស។

ចំការដូងប្រេងដែលក្រុមហ៊ុនរបស់លោកកំពុងតែកាត់សំអាតនេះ មានទីតាំងស្ថិតនៅក្នុងឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលក្រុមហ៊ុនបាននាំពូជមកពីប្រទេសហ្សាអៀ និងកូស្តារីកាអាមេរិកខាងត្បូង និងបានដាំកាលពីឆ្នាំ១៩៩៦។ ទោះយ៉ាងណា នៅដើមរដូវវស្សាឆ្នាំ២០២៦ខាងមុខនេះ ក្រុមហ៊ុនគ្រោងដាំដើមដូងប្រេងឡើងវិញដែលបាននាំចូលមកពីប្រទេសម៉ាឡេស៊ី ចំនួន ៩០,០០០ដើម លើផ្ទៃដី ៥០០ហិកតា។

សូមជម្រាបថា ក្នុងឆ្នាំ១៩៩៦ ក្រុមហ៊ុនបានដាំដូងប្រេងបាន ៤៧៧ហិចតា។ បច្ចុប្បន្ន ក្រុមហ៊ុនបានពង្រីកការដាំដុះលើផ្ទៃដី ១៦,០០០ហិចតា និងបានក្លាយជាក្រុមហ៊ុនដាំដុះដូងប្រេងធំជាងគេនៅកម្ពុជា និងជាប់លំដាប់ទី៤នៅអាស៊ីអាគ្នេយ៍។ ចំការដូងប្រេងនេះជាការបណ្ដាក់ទុនរវាង MRG និងក្រុមហ៊ុន TCC Group ដែលបានក្លាយជាក្រុមហ៊ុនកម្ពុជាដំបូង និងធំបំផុតក្នុងការផលិតដូងប្រេង។ ក្នុងឆ្នាំ២០១៤ ដើមដូងប្រេងបានដាំដុះលើផ្ទៃដី ១៦,០០០ហិចតា ក្នុងទិសដៅដាំដុះសរុប ៣០,០០០ហិកតា និងបាននាំចេញដូងប្រេងឆៅទៅកាន់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងសហគមន៍អឺរ៉ុប៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…