ប្រាសាទអង្គរ ទទួលបានចំណាត់ថ្នាក់លេខ១ ជាកន្លែងទាក់ទាញជាងគេប្រចាំទ្វីបអាស៊ី ដែលប្រកាសជាផ្លូវការពីជ័យលាភីពាន់រង្វាន់ជម្រើសដោយអ្នកដំណើរលើ Tripadvisor ដែលបញ្ជាក់ថា ជាកន្លែងអស្ចារ្យបំផុតប្រចាំឆ្នាំ២០២៥។ នេះបើតាមព្រឹត្តិព័ត៌មានដែលបញ្ជាក់ដោយ CAMBODIA TOURISM BOARD។
ពាន់រង្វាន់ កន្លែងទាក់ទាញជាងគេប្រចាំទ្វីបអាស៊ី (Asia Top Attractions) ជាពានរង្វាន់អបអរសាទរគោលដៅទេសចរណ៍ដែលមានភាពទាក់ទាញបំផុតប្រចាំទ្វីបអាស៊ី ទាំងគោលដៅអច្ឆរិយៈបែបធម្មជាតិ និងបែបកែច្នៃ ដែលត្រូវបានជ្រើសរើសដោយភ្ញៀវទេសចរដែលធ្លាប់ទៅដល់ដោយផ្ទាល់។
ប្រាសាទអង្គរវត្ត ទទួលបានការជ្រើសរើសពីអ្នកដំណើរប្រមាណ ៤៩,៣០០នាក់ នៅលើ Tripadvisor.com ដែលបញ្ជាក់ពីកេរ្តិ៍ឈ្មោះរបស់ប្រាសាទអង្គរវត្ត ដែលជាគោលដៅដ៏សំខាន់ និងចាំបាច់ត្រូវតែមកទស្សនាសម្រាប់ភ្ញៀវទេសចរទូរទាំងពិភពលោក។ ក្រៅពីនេះ ប្រាសាទបាយ័ន ក៏ជាប់ចំណាត់ថ្នាក់លេខ ១៧ ផងដែរ ដែលទទួលបានការជ្រើសរើសពីអ្នកដំណើរជាង ២០,៨០០នាក់ នៅលើ Tripadvisor.com ។ ប្រទេសកម្ពុជាជាថ្មីម្តងទៀត ទទួលបានជ័យលាភី និងកិត្តិនាមដ៏ល្អ ក្នុងចំណោមគោលដៅទេសចរណ៍ដែលល្បីល្បាញបំផុតនៅលើពិភពលោក។
បន្ថែមពីជ័យលាភីលើកន្លែងទាក់ទាញជាងគេប្រចាំទ្វីបអាស៊ី ប្រទេសកម្ពុជា ក៏ទទួលបានភាពលេចធ្លោលើឆាកអន្តរជាតិក្នុងប្រភេទពាន់រង្វាន់ជាច្រើនផ្សេងទៀតរបស់ Tripadvisor ផងដែរ។ ក្នុងនោះ ខេត្តសៀមរាប ជាប់ចំណាត់ថ្នាក់ទី៥ ក្នុងចំណោមកន្លែងល្អបំផុតនៅទ្វីបអាស៊ីសម្រាប់ភ្ញៀវទេសចរមកកម្សាន្ត និងជាប់ចំណាត់ថ្នាក់ទី១០ ក្នុងចំណោមតំបន់ទេសចរវប្បធម៌ប្រចាំពិភពលោក ព្រមទាំងជាប់ចំណាត់ថ្នាក់ទី១៤ ក្នុងចំណោមកន្លែងល្អបំផុតសម្រាប់ទស្សនានៅលើពិភពលោក និងជាកន្លែងល្អបំផុតទី១៥ សម្រាប់ខួបលើកទី២៥ របស់ Tripadvisor ។
យ៉ាងណាមិញ នេះបញ្ជាក់ឱ្យឃើញសារជាថ្មីនូវកិត្តិនាម និងភាពរឹងមាំរបស់ខេត្តសៀមរាប ក្នុងចំណោមគោលដៅដែលភ្ញៀវទេសចរចង់មកកម្សាន្តច្រើនបំផុតក្នុងទ្វីបអាស៊ី និងលើពិភពលោក ព្រមទាំងបញ្ជាក់ពីការទទួលស្គាល់សម្រាប់តំបន់បេតិកភណ្ឌពិភពលោក ក៏ដូចជាសារមន្ទីរ និងចម្លាក់បុរាណ ដែលផ្តល់ជូនភ្ញៀវទេសចរនូវបទពិសោធន៍វប្បធម៌សម្បូរបែប ដែលមិនអាចបំភ្លេចបាន។
មិនតែប៉ុណ្ណោះ រាជធានីភ្នំពេញ ក៏ទទួលបានចំណាត់ថ្នាក់ទី១៧ ក្នុងចំណោមគោលដៅទេសចរណ៍ដែលកំពុងពេញនិយម និងចំណាត់ថ្នាក់ទី១៨ ក្នុងចំណោមកន្លែងទេសចរណ៍ល្អបំផុតនៅអាស៊ី។ នេះបានបង្ហាញពីភាពទាក់ទាញ និងសកម្មភាពទេសចរណ៍សម្បូរបែបរបស់រាជធានីភ្នំពេញសម្រាប់ភ្ញៀវទេសចរអន្តរជាតិ។
សូមជម្រាបថា ពាន់រង្វាន់ជម្រើសរបស់អ្នកដំណើរលើ Tripadvisor ៖ កន្លែងអស្ចារ្យបំផុតប្រចាំឆ្នាំ២០២៥ បញ្ជាក់ពីការវាយតម្លៃខ្ពស់បំផុតនៃភាពល្អឥតខ្ចោះសម្រាប់គោលដៅទេសចរណ៍ជុំវិញពិភពលោក។ ពាន់រង្វាន់នេះ ត្រូវបានផ្តល់ជូនសម្រាប់តែតំបន់ទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន និងកន្លែងទាក់ទាញណាដែលទទួលបានការវាយតម្លៃខ្ពស់ពីសហគមន៍អ្នកប្រើប្រាស់ Tripadvisor ក្នុងរយៈពេល ១២ ខែកន្លងមក។ ក្នុងចំណោមបញ្ជីរាយនាមជាង ៨លានកន្លែង នៅទូទាំងពិភពលោក មានកន្លែងតិចជាង១ភាគរយប៉ុណ្ណោះ ដែលត្រូវបានជាប់នៅក្នុងពាន់រង្វាន់នេះ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត








