រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ដំរី «ឡាក់គី» ស្លាប់ដោយសារជំងឺខ្ទុះក្នុងស្បូន

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

សេចក្តីសង្ខេប

យោងតាមឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាមភ្នំតាម៉ៅ នៃរដ្ឋបាលព្រៃឈើ បានឱ្យដឹងថា បន្ទាប់ពីធ្វើកោសល្យវិច័យ និងធ្វើតេស្តសំណាកបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រ ការស្លាប់របស់ដំរី «ឡាក់គី» កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ គឺបណ្តាលមកពីជំងឺខ្ទុះក្នុងស្បូន (Pyometra)។ជំងឺនេះកើតឡើងលើដំរីញីក្នុងវដ្តរដូវត្រៀមបន្តពូជ ដោយការប្រែប្រួលកម្រិតអ័រម៉ូនប្រូហ្សេស្តេរ៉ូន (Progesterone) និងកម្រាស់ស្រទាប់ស្បូន បង្កើតជាមជ្ឈដ្ឋានងាយឆ្លងពពួកបាក់តេរី Escherichia coli (E.coli) ឬបា

យោងតាមឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាមភ្នំតាម៉ៅ នៃរដ្ឋបាលព្រៃឈើ បានឱ្យដឹងថា បន្ទាប់ពីធ្វើកោសល្យវិច័យ និងធ្វើតេស្តសំណាកបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រ ការស្លាប់របស់ដំរី «ឡាក់គី» កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ គឺបណ្តាលមកពីជំងឺខ្ទុះក្នុងស្បូន (Pyometra)។

ជំងឺនេះកើតឡើងលើដំរីញីក្នុងវដ្តរដូវត្រៀមបន្តពូជ ដោយការប្រែប្រួលកម្រិតអ័រម៉ូនប្រូហ្សេស្តេរ៉ូន (Progesterone) និងកម្រាស់ស្រទាប់ស្បូន បង្កើតជាមជ្ឈដ្ឋានងាយឆ្លងពពួកបាក់តេរី Escherichia coli (E.coli) ឬបាក់តេរី Enterococcus faecium (E. faecium) ដែលជ្រៀតចូលតាមមាត់ស្បូនទៅក្នុងតួស្បូន រួចលូតលាស់បង្កជាខ្ទុះក្នុងស្បូន និងរលាកធ្ងន់ធ្ងររហូតធ្វើឱ្យបាក់តេរីឆ្លងចូលក្នុងចរន្តឈាម។

ជាមួយគ្នានេះពពួកបាក់តេរី E.coli និង E. faecium ដែលរកឃើញក្នុងស្បូនរបស់«ឡាក់គី»មានភាពស៊ាំខ្លាំងទៅនឹងថ្នាំអង់ទីប៊ីយ៉ូទិក(ថ្នាំផ្សះ) ដូចជា Amoxicillin/Clavul, Gentamicin, Ciprofloxacin និងថ្នាំអង់ទីប៊ីយ៉ូទិក១០មុខផ្សេងទៀត។ 

ស្ថានភាពរបស់ឡាក់គីពិបាកជួយសង្គ្រោះ ដោយសារតែថ្នាំអង់ទីប៊ីយ៉ូទិកមិនអាចជ្រាបចូលទៅក្នុងស្បូនបានពេញលេញ ដើម្បីកម្ចាត់ក្រុមបាក់តេរីខាងលើដែលមានភាពស៊ាំនឹងថ្នាំយ៉ាងខ្លាំង។ ជាទូទៅ វិធីសាស្ត្រព្យាបាលតែមួយគត់ដែលមានប្រសិទ្ធភាពគឺការវះកាត់យកស្បូនចេញ ប៉ុន្តែការវះកាត់បែបនេះគឺអាចអនុវត្តបានតែលើសត្វតូចៗដូចជាឆ្កែ ឬឆ្មាតែប៉ុណ្ណោះ។ ចំពោះការវះកាត់លើសត្វដំរីវិញ គឺមានភាពស្មុគស្មាញខ្លាំង ហើយឱកាសនៃភាពជោគជ័យមានកម្រិតទាបបំផុត។

ឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាមភ្នំតាម៉ៅ នៃរដ្ឋបាលព្រៃឈើសង្ឃឹមថា ករណីនេះនឹងជួយបង្កើនការយល់ដឹងបន្ថែមរបស់សាធារណជនអំពីភាពស្មុគស្មាញនៃការថែទាំសុខភាពសត្វព្រៃ និងជំរុញឱ្យមានការបន្តគាំទ្រកិច្ចការអភិរក្ស និងថែរក្សាសត្វព្រៃនៅមជ្ឈមណ្ឌលភ្នំតាម៉ៅរឹតតែទូលំទូលាយទៅថ្ងៃអនាគត៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…