សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាការងារជាមួយឯកឧត្តម វ៉ាង ហូនឹង (Wang Huning) ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៅថ្ងៃទី៣១ ខែសីហា។ ជំនួបពិភាក្សានេះ ឯកឧត្តមប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន អះអាងថា ប្រទេសចិននឹងនៅតែបន្តគាំទ្រកម្ពុជាដោយឥតងាករេ។
ពិធីនេះ បានធ្វើឡើងស្របពេលដែលសម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា ដឹកនាំគណៈប្រតិភូ អញ្ជើញទៅប្រទេសចិន ក្នុងការចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ បូក ដែលប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងធានជីង ប្រទេសចិន។ ឯកឧត្តមប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន បានចាត់ទុកវត្តមានរបស់សម្តេចធិបតី និងគណៈប្រតិភូថា បានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅលើការពង្រឹងទំនាក់ទំនងជាប្រពៃណី និងយូរអង្វែងរវាងប្រទេសទាំងពីរ។
លើសពីនេះ ឯកឧត្តមប្រធាន បានលើកឡើងថា ទំនាក់ទំនងកម្ពុជា-ចិន បានឆ្លងកាត់ការសាកល្បងនៃការប្រែប្រួលសភាពការណ៍អន្តរជាតិ និង កាន់តែមានភាពរឹងមាំ និងស្ថិតស្ថេយូរអង្វែង។
ចំណែក ជំនួបការងារទ្វេភាគីនាថ្ងៃទី៣០ ខែសីហា ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង បានដាក់ចេញទិសដៅសំខាន់ៗ ដើម្បីធ្វើឱ្យទំនាក់ទំនងចិន-កម្ពុជា កាន់តែស៊ីជម្រៅថែមទៀត។ ក្នុងបរិបទនេះ ប្រទេសចិននឹងនៅតែបន្តគាំទ្រកម្ពុជាដោយឥតងាករេ។ នេះជាការបញ្ជាក់បន្ថែមពីឯកឧត្តមប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន។
ទន្ទឹមនឹងការលើកឡើងខាងលើនេះ សម្តេចធិបតី បានថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែគាំទ្រកម្ពុជា ជាពិសេសការពង្រឹងសមត្ថភាពអភិវឌ្ឍន៍ប្រទេស ឈានដល់ការម្ចាស់ការដោយខ្លួនឯង ព្រមទាំងគាំទ្រកម្ពុជាក្នុងការការពារអធិបតេយ្យជាតិរបស់ខ្លួន។
បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត ទំនាក់ទំនងកម្ពុជា-ចិន ត្រូវបានពូនជ្រុំជាយូរមកហើយ និងត្រូវបានថ្នាក់ដឹកនាំជំនាន់ក្រោយជំរុញ និងលើកកម្ពស់ជាបន្តបន្ទាប់។ ចំណែក ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង នៅកម្ពុជាកាលពីខែមេសាកន្លងទៅ ក៏បានធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅថែមទៀតដែរ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត












