អ៊ែមភល - អាហ្គ្រោ ប្រដាក់ ឯ.ក (AMPLE AGRO PRODUCTS) ជាក្រុមហ៊ុនដែលមានទីតាំងនៅរាជធានីភ្នំពេញ បានសម្រេចការនាំចេញផលិតផលស្វាយចន្ទីកែច្នៃលើកដំបូង ទៅកាន់ប្រទេសអ៊ីតាលី នៃសហគមន៍អ៊ីរ៉ុប។
ក្នុងពិធីសម្ពោធជាផ្លូវការនៃការនាំចេញផលិតផលស្វាយចន្ទីកែច្នៃជាកុងតឺន័រលើកដំបូងទៅកាន់ប្រទេសអ៊ីតាលី នៃសហគមន៍អឺរ៉ុប របស់ក្រុមហ៊ុនAMPLE AGRO PRODUCTS) នៅថ្ងៃទី០៤ ខែកញ្ញានេះ ឯកឧត្តម ឈរ ស៊ុនហុង អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងថា នេះជាការបោះជំហានថ្មីរបស់ក្រុមហ៊ុន AMPLE AGRO PRODUCTS ក្នុងការសម្រេចបានការនាំចេញលើកដំបូងទៅកាន់ប្រទេសអ៊ីតាលី នៃសហគមន៍អ៊ីរ៉ុប និងជឿជាក់ថា នេះជាជំហានយ៉ាងសំខាន់ក្នុងការចូលរួមអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧។
ពិធីនេះមានការចូលរួមពីឯកឧត្តម ឌ្រីសម៉ាន់ អ៊ីហ្គោរ៍ (DRIESMANS Igor) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងឯកឧត្តម ដូមីនិក វីល្លៀម (DOMINIC Williams) ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា ព្រមទាំងប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា នាយកប្រតិបត្តិក្រុមហ៊ុន អ៊ែមភលអាហ្គ្រោ ប្រដាក់ ឯ.ក និងតំណាងដៃគូអភិវឌ្ឍន៍ជាច្រើននាក់។
មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មរូបនេះ បានជំរុញ និងលើកទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគ ធុរកិច្ច សហគ្រាសធុនតូច និងមធ្យម ព្រមទាំងសហព័ន្ធស្វាយចន្ទីកម្ពុជា និងតួអង្គពាក់ព័ន្ធ ក្នុងការបន្តពង្រឹងគុណភាព ផលិតផលកសិផល ផលិតផលកសិ-ឧស្សាហកម្មកម្ពុជាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយត្រូវគិតគូរទាំងបរិមាណ គុណភាព សុវត្ថិភាព និងសោភ័ណភាពនៃការវេចខ្ចប់តាមស្ដង់ដាត្រឹមត្រូវ ដើម្បីរក្សាបាននូវកេរ្ដិ៍ឈ្មោះ កម្ពុជា និងនិរន្តរភាពនៃការនាំចេញ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត













