កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានដាក់គោលដៅនៅតាមបណ្ដោយផ្លូវឆ្នេរអូរឈើទាលរងចាំឃាត់ពលរដ្ឋ ដើម្បីអប់រំណែនាំ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងកុំឱ្យបើកបរបញ្ច្រាស់ទិសចរាចរណ៍ ដើម្បីជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុ និងកុំឱ្យមានការកកស្ទះចរាចរណ៍។
ការចុះពង្រឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៅតាមបណ្ដោយផ្លូវឆ្នេរអូរឈើទាល ធ្វើឡើងនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ ក្រោយពីកម្លាំងសមត្ថកិច្ច សង្កេតឃើញប្រជាពលរដ្ឋមួយចំនួន នៅតែបំពានមិនគោរពច្បាប់ដោយធ្វើដំណើរបញ្ច្រាស់ទិសញឹកញាប់នៅតាមបណ្តោយផ្លូវខាងលើ ខណៈផ្លូវនេះមានសារៈសំខាន់ដែលជួយសម្រួលដល់ការធ្វើដំណើរតាមបណ្តោយឆ្នេរសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ ការចុះពង្រឹងច្បាប់នេះ គឺអនុវត្តដោយកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកប្រចាំការនៅការិយាល័យគោលដៅ P1 P4 P6 នៅស្តុបតាមបណ្តោយ វិថីឯករាជ្យ (ផ្លូវ១០០) តាមបណ្ដោយផ្លូវឆ្នេរអូរឈើទាល និងឈរជើងប្រចាំការគោលដៅចុងអូរឈើទាល២ និងកែងផ្លូវឆ្នេរអូរឈើទាលបន្ទប់ទឹកទី៣៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត












