រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

មហាយក្សចិនជាគោលដៅនាំចេញដ៏សំខាន់សម្រាប់ដំណាំចេកកម្ពុជា

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអះអាងលើទំព័រហ្វេសប៊ុកផ្លូវការថា៖ «ប្រទេសចិនជាគោលដៅនាំចេញដ៏សំខាន់សម្រាប់ដំណាំចេកកម្ពុជា។ បច្ចុប្បន្ន ចម្ការចេកធំៗក្នុងខេត្តកំពត កំពុងពង្រីកខ្លួន ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើងទាំងទីផ្សារក្នុងនិងក្រៅប្រទេស។ នេះគឺជាការឆ្លុះបញ្ចាំងពិតនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មនិងពាណិជ្ជកម្មនៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅ»។

សូមជម្រាបថា នៅឆមាសទី១ ឆ្នាំ២០២៥ កម្ពុជានាំចេញផ្លែចេកស្រស់សម្រេចបានជិត ១៥ម៉ឺនតោន (១៤៧ ៤៧៦) កើនឡើង១២ម៉ឺន២ពាន់តោន ស្មើនឹង ១៥,១៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម។ បើតាមលោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងថា ការនាំចេញចេកស្រស់របស់កម្ពុជាទៅកាន់ទីផ្សារបរទេសមានការកើនឡើងដោយសារតែមានតម្រូវការខ្ពស់។

បើតាមក្រសួងពាណិជ្ជកម្ម កម្ពុជារកចំណូលបានជាង ១៣៨លានដុល្លារពីការនាំចេញចេកស្រស់នៅឆ្នាំ២០២៤ ធ្លាក់ចុះជាង ១១% ធៀបនឹងឆ្នាំ២០២៣។ ដោយឡែក កម្ពុជាមានផ្ទៃដីដាំដុះចេកប្រមាណជាង ១៦ពាន់ហិកតា និងផ្ទៃដីកំពុងប្រមូលផលជាង ១១ពាន់ហិកតា ក្នុងនោះខេត្តដែលមានដាំដុះចេកច្រើនជាងគេ រួមមានខេត្តរតនគិរី ក្រចេះ ស្ទឹងត្រែង កំពត កំពង់ចាម និងខេត្តកំពង់ស្ពឺ៕

ស្ថានីយទូរសទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…