រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ប្រវត្តិសង្ខេបការបង្កើត និងការអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលនឹងត្រូវបិទនៅថ្ងៃទី៩កញ្ញា២០២៥នេះ

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

(ភ្នំពេញ)៖ មកដឹងអំពីប្រវត្តិរបស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលនឹងបញ្ចប់បេសកកម្មរបស់ខ្លួននៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ បន្ទាប់ពីប្រតិបត្តិការបម្រើវិស័យអាកាសចរណ៍អស់រយៈពេល ៦៦ឆ្នាំ។ អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង ត្រូវបានប្តូរឈ្មោះទៅជាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០០៣។ ដំបូងឡើយ វាត្រូវបានបង្កើតនៅក្នុងឆ្នាំ១៩២៤ អំឡុងពេលសម័យអាណាព្យាបាលបារាំង។

ស្ថានីយអាកាសយានដ្ឋាននិងប៉មត្រួតពិនិត្យត្រូវបានឌីហ្សាញដោយស្ថាបត្យករបារាំងឈ្មោះ ព្យែរ ឌុយហ្វូ (Pierre Dufau/១៩០៨ - ១៩៨៥)។ ដោយឡែកកន្លែងសម្រាប់ទទួលភ្ញៀវ វីអាយភី (VIP arrival pavilion) ត្រូវបានឌីហ្សាញដោយ លោក វណ្ណ មូលីវណ្ណ ស្ថាបត្យករដ៏កំពូលរបស់កម្ពុជា បានសង់នៅក្នុងឆ្នាំ ១៩៦៣ ជារចនាសម្ព័ន្ធដែកស្រោបដោយបន្ទះក្រណាត់។

* ការកសាងដំបូង (១៩២៤)

អាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង ត្រូវបានបង្កើតដោយរដ្ឋាភិបាលអាណាព្យាបាលបារាំង ជាអាកាសយានដ្ឋានតូចមួយ ឈ្មោះថា ពោធិ៍ចិនតុង នៅឆ្នាំ១៩២៤។ គោលបំណងចម្បងនៃការបង្កើតវា គឺដើម្បីបម្រើឲ្យវិស័យកងទ័ព និងរត់ឯកសារ ស្ថិតក្រោមបណ្តាញអាកាសចរណ៍ឥណ្ឌូចិនរបស់បារាំង។

* ការប្រើប្រាស់នៅសម័យសង្គ្រាម លោកលើកទី២ និងអំឡុងពេលជប៉ុនកាន់កាប់ (១៩៤១-១៩៤៥)

អំឡុងពេលជប៉ុនកាន់កាប់កម្ពុជា អាកាសយានដ្ឋាននេះ ត្រូវបានពង្រីកសម្រាប់បម្រើវិស័យកងទ័ព ប៉ុន្តែមិនបានសាងសង់ជាថ្មីទេ។ កងទ័ពជប៉ុនប្រើប្រាស់វា សម្រាប់បម្លាស់ទីកងទ័ព និងវិស័យឡូជីស្ទីក។

* ទសវត្សរ៍១៩៦០ ដល់បច្ចុប្បន្ន

នៅសម័យខ្មែរក្រហម អាកាសយានដ្ឋាននេះ បានក្លាយជាទីតាំងតែមួយគត់សម្រាប់ផ្គត់ផ្គង់ តម្រូវការនានានៅក្នុងរាធានីភ្នំពេញ ក្រោយពេលខ្មែរក្រហមបានកាន់កាប់បណ្តាញផ្លូវទឹក និងផ្លូវគោក នៅខែមេសា ឆ្នាំ១៩៧៥ ពោលគឺបន្ទាប់ពីការដួលរលំនៃរបបសាធារណរដ្ឋខ្មែរ វាត្រូវបានបិទស្ទើរតែទាំងស្រុងចំពោះការធ្វើដំណើរអន្តរជាតិ លើកលែងតែជើងហោះហើរមួយចំនួន ដោយផ្ទាល់ពីទីក្រុងប៉េកាំង និងព្យុងយ៉ាង។ ជើងហោះហើរទាំងនេះ មានកម្មាភិបាល ដើម្បីបណ្តុះបណ្តាលរដ្ឋាភិបាលថ្មី ក៏ដូចជាបញ្ញវន្ត និងមន្ត្រីការទូតកម្ពុជាមួយចំនួន ដែលស្ម័គ្រចិត្តត្រឡប់មកមាតុប្រទេសវិញ។

ភារកិច្ចបន្ទាប់របស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងត្រូវផ្ទេរទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាអាកាសយានដ្ឋានលំដាប់ 4F ដ៏ទំនើប ដែលអាចស្រូបទាញភ្ញៀវទេសចរណ៍ និងការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសពីគ្រប់ទិសទី គ្រប់តំបន់តាមរយៈសមត្ថភាពនៃការទទួលយកនូវយន្តហោះគ្រប់ប្រភេទ គ្រប់ទំហំឱ្យចុះចតបាន ដែលនេះបានឆ្លុះបញ្ចាំងនូវការរីកចម្រើនឥតឈប់ឈរ និងកិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជាក្រោមម្លប់នៃសុខសន្តិភាព៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…