រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ បើកឱ្យប្រើប្រាស់បណ្តោះអាសន្ន ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៥នេះ

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ ត្រូវបានបើកឱ្យប្រជាពលរដ្ឋឆ្លងកាត់ជាបណ្តោះអាសន្ន រយៈពេល ២១ថ្ងៃ ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីបម្រើសេចក្តីងាយស្រួលក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។

ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួង បានអះអាងថា ការអនុញ្ញាតឱ្យឆ្លងកាត់ជាបណ្តោះអាសន្ននេះ គ្របដណ្តប់លើអ្នកដំណើរថ្មើរជើង ទោចក្រយានយន្ត រថយន្តធុនតូច និងរថយន្តទេសចរណ៍មានអង្គុយចាប់ពី ១២កៅអីចុះក្រោម។ បន្ទាប់ពីបញ្ចប់រយៈពេលដូចបានកំណត់ ស្ពាននឹងបិទវិញ ដើម្បីបន្តការសាងសង់តាមបច្ចេកទេស។ ក្នុងឱកាសនេះ ក្រសួងបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យគោរពសណ្តាប់ធ្នាប់ ចូលរួមថែរក្សាសុវត្ថិភាពចរាចរណ៍ គោរពល្បឿនកំណត់ និងអនុវត្តតាមការណែនាំរបស់សមត្ថកិច្ចប្រចាំការក្នុងតំបន់។

គួរបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ មានវឌ្ឍនភាពសាងសង់សម្រេចបាន ៩៨,១៣% ខណៈដែលគម្រោងសាងសង់ទាំងមូល រួមទាំងផ្លូវតភ្ជាប់ មានវឌ្ឍនភាពសរុប ៨៧,១៣%។ 

ស្ពាននេះបានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី ២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងលោក វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

ស្ពានមានទទឹងជាង ១៣ ម៉ែត្រ រួមមានគន្លងចរាចរណ៍រថយន្ត ២គន្លង ទោចក្រយាន ២គន្លង និងផ្លូវថ្មើរជើង ២គន្លង។ ផ្លូវតភ្ជាប់មានប្រវែងជិត ៣២គីឡូម៉ែត្រ ដែលរួមបញ្ចូលផ្លូវតភ្ជាប់ពីក្បាលស្ពានប្រវែងជាង ១៥គីឡូម៉ែត្រ និងផ្លូវខ្នែង ៤ខ្សែ នៅក្នុងក្រុងក្រចេះប្រវែងជាង ១៦គីឡូម៉ែត្រ។ ផ្លូវទាំងនេះត្រូវបានពង្រីកទទឹង និងលើកកម្រិតគុណភាពដោយក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ៧សង់ទីម៉ែត្រ។

ផ្នែកមួយនៃផ្លូវទាំងនេះត្រូវបានពង្រីកទទឹងដល់ជិត ២០ម៉ែត្រ និងកំណាត់មួយប្រវែងជាង ៥គីឡូម៉ែត្រ ត្រូវបានពង្រីកទទឹងដល់ ៣០ម៉ែត្រ មានគន្លងចរាចរណ៍រថយន្ត ៤គន្លង ទោចក្រយាន ២គន្លង និងសួនពុះទ្រូងផ្លូវទទឹង ៤ម៉ែត្រ។

ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…