រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

គណៈប្រតិភូខេត្តហឺណានមកពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវិនិយោគនៅកម្ពុជា

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Zheng Haiyang អភិបាលរងនៃគណៈអភិបាលខេត្តហឺណាន នៅថ្ងៃទី០៩ ខែកញ្ញា។ កិច្ចជំនួបនេះ ធ្វើឡើងដើម្បីពិភាក្សាអំពីលទ្ធភាពនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគរវាងកម្ពុជា និងខេត្តហឺណាន ប្រទេសចិន។

កិច្ចពិភាក្សានេះ ធ្វើឡើងតបតាមការអនុញ្ញាតពីឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ឯកឧត្តមអគ្គលេខាធិការ បានរំលឹកឡើងវិញអំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មីគ្រប់រដូវកាលប្រកបដោយភាពស៊ីជម្រៅ និងជាក់ស្តែង ដែលនាំមកនូវផលប្រយោជន៍រូបវន្តដល់ប្រទេសទាំងពីរ។

ឯកឧត្តមអគ្គលេខាធិការ បានចាត់ទុកថា ថ្នាក់ដឹកនាំនៃរដ្ឋាភិបាលចិន ជាពិសេសថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តហឺណាន តែងតែខិតខំជំរុញវិនិយោគិនឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដែលកិច្ចគាំទ្រនេះបានក្លាយជាកាតាលីករយ៉ាងសំខាន់ក្នុងការបង្កើនល្បឿននៃកំណើនសេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋបានយ៉ាងឆាប់រហ័ស។

ជាក់ស្តែង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ការវិនិយោគមកពីប្រទេសចិននៅកម្ពុជាមានកំណើនខ្ពស់គួរឱ្យកត់សម្គាល់។

ឯកឧត្តមអគ្គលេខាធិការបានជឿជាក់ថា ថ្នាក់ដឹកនាំខេត្តហឺណាន នឹងបន្តជំរុញវិនិយោគិនពិនិត្យលទ្ធភាពបណ្តាក់ទុនវិនិយោគនៅកម្ពុជាដើម្បីផលិតវត្ថុធាតុដើម និងផលិតផលពាក់កណ្តាលសម្រេចសម្រាប់ផ្គត់ផ្គង់សហគ្រាសដែលបម្រើដល់ការនាំចេញក្នុងទម្រង់ជាប្រព័ន្ធអេកូឡូស៊ី និងអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសឯកទេសផ្នែកកសិ-ឧស្សាហកម្មសម្រាប់ប្រមូលផ្តុំសហគ្រាសកែច្នៃ, បង្កើនតម្លៃបន្ថែម និងជំរុញស្ថិរភាពនៃការផ្គត់ផ្គង់ផលិតផលកសិកម្ម។

ជាការឆ្លើយតប ឯកឧត្តមអភិបាលរងខេត្តហឺណានបានកត់សម្គាល់ពីការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា ព្រមទាំងកោតសរសើរចំពោះភាពល្បីល្បាញរបស់កសិផលកម្ពុជាដែលបាននិងកំពុងមានវត្តមានជាបន្តបន្ទាប់នៅលើទីផ្សារខេត្តហឺណាន។

ឯកឧត្តមបានគូសរំលេចអំពីឧត្តមភាពប្រៀបធៀបរបស់ខេត្តហឺណានដែលជាខេត្តមានភាពល្បីល្បាញខាងផ្នែកវប្បធម៌, ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់, កសិ-ឧស្សាហកម្ម និងឧស្សាហកម្ម។ ឯកឧត្តមសង្កត់ធ្ងន់ថា ខេត្តហឺណាននឹងបន្តចូលរួមចំណែកក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់វិស័យជាមួយកម្ពុជា ហើយបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តគាំទ្រកម្ពុជាដើម្បីជួយកម្ពុជាសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។

គួរបញ្ជាក់ថា ខេត្តហឺណានគឺជាខេត្តដ៏មានសក្តានុពលមួយរបស់ប្រទេសចិនដែលលាតសន្ធឹងតាមបណ្តោយទន្លេលឿង និងមានផ្ទៃដីសរុបចំនួន ១៦៧.០០០គីឡូម៉ែត្រការ៉េ និងប្រជាជនសរុបប្រមាណ ៩៨លាននាក់៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…