នារសៀលថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៥ នៅសាលប្រជុំក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ និងជានាយកគម្រោង PMU-MoWRAM ក្នុងនាមតំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការគ្រប់គ្រងទឹកស្ទឹងព្រែកត្នោតជាមួយក្រុមហ៊ុន ខាមបូឌា អ៊ែរផត អិនវេសមែន ឯ.ក (CAIC)។
កិច្ចប្រជុំមានការចូលរួមពីក្រុមការងារជំនាញបច្ចេកទេសជាតិ និងអន្តរជាតិនៃអង្គភាពគ្រប់គ្រង និងអនុវត្តគម្រោង ព្រមទាំងក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុន។
ឯកឧត្តម រដ្ឋលេខាធិការ បានលើកឡើងថា កិច្ចប្រជុំនេះ បានពិភាក្សាលើបញ្ហាសំខាន់ៗទាក់ទងនឹងការគ្រប់គ្រងទឹក ការបង្វែរទឹក និងការរក្សាទុកទឹកសម្រាប់ប្រើប្រាស់ ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋក្នុងតំបន់។ ជាពិសេស បានផ្តោតលើការរៀបចំផែនការយ៉ាងរលូន និងសហការគាំទ្រគ្នាទៅវិញទៅមក។
ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម មានក្តីសោមនស្សរីករាយគាំទ្រការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាស្នាដៃដ៏មានតម្លៃរបស់កូនខ្មែរ។ ក្រសួងក៏បានព្យាយាមគ្រប់វិធី ដើម្បីជួយគម្រោងអាកាសយានដ្ឋានអន្តរជាតិ និងក្រុងរាជធានីភ្នំពេញ ឱ្យជៀសផុតពីការគំរាមកំហែងដោយទឹកជំនន់។
ដោយ៖ KPS99TV














