SINOMACH Hainan ជាក្រុមហ៊ុនរដ្ឋចិនដ៏ធំ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុនកម្ពុជា ដើម្បីនាំចេញស្វាយចន្ទីស្ងួត ២០,០០០តោន និងស្វាយចន្ទីកែច្នៃ ៥០០០តោន ក្នុងមួយឆ្នាំ ក្នុងតម្លៃប្រមាណ ៣៥ លានដុល្លារសហរដ្ឋអាម៉េរិក ទៅកាន់ប្រទេសចិន សម្រាប់រយៈពេល៣ឆ្នាំខាងមុខ។
ពិធីចុះ MoU នេះ បានធ្វើឡើងនៅថ្ងៃទី១២ ខែកញ្ញា នាទីស្តីការក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាពឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ និងលោក ZOU Zhun ប្រធាននាយកដ្ឋានកសិកម្ម១ តំណាងនៃក្រុមហ៊ុន SINOMACH Hainan និងតំណាងមកពីក្រុមហ៊ុនចំនួន៥នៃខេត្តហាងចូវ និងខេត្តគ័ងស៊ី ព្រមទាំងសហគ្រាសផលិតគ្រាប់ស្វាយចន្ទីកម្ពុជា ណាត់ អាហ្គ្រោប្រដាក់ ឯ.ក និងសមាគមសហព័ន្ធស្វាយចន្ទីកម្ពុជា។
ឯកឧត្តមរដ្ឋលេខាធិការ បានកត់សម្គាល់ក្រុមហ៊ុន SINOMACH Hainan ដែលបានចូលរួមវិនិយោគ និងនាំចេញផលិតផលសក្តានុពលកម្ពុជាទៅកាន់ប្រទេសចិន។ ឯកឧត្តម ស្នើទៅក្រុមហ៊ុន SINOMACH Hainan ពិនិត្យលទ្ធភាពវិនិយោគបន្ថែមដើម្បីពង្រីកការកែច្នៃស្វាយចន្ទីក្នុងស្រុក និងពង្រឹងខ្សែច្រវាក់តម្លៃស្វាយចន្ទីកម្ពុជា។
តាមរយៈ MoU នេះ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម និងសមាគមសហព័ន្ធស្វាយចន្ទីកម្ពុជា ក្នុងគោលដៅរក្សាទីផ្សារចាស់ ពង្រីកទីផ្សារថ្មីការ និងបន្តជំរុញឱ្យមានការវិនិយោគបន្ថែមលើវិស័យស្វាយចន្ទីកម្ពុជា៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត











