រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជារំពឹងថាសន្ទុះនៃកិច្ចសហការជាមួយបារាំងកាន់តែប្រសើរថែមទៀតខណៈបារាំងមាននាយករដ្ឋមន្រ្តីថ្មី!

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានផ្ញើសារលិខិតអបអរសាទរឯកឧត្តម Sébastien LECORNU ដែលបានតែងតាំងជានាយករដ្ឋមន្រ្តីបារាំងថ្មី។ ទន្ទឹមគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី រំពឹងថា សន្ទុះថ្មីនៃកិច្ចសហប្រតិបត្តិការជាមួយបារាំងកាន់តែល្អប្រសើរថែមទៀត ខណៈឯកឧត្តម Sébastien LECORNU ឡើងកាន់តំណែងជានាយករដ្ឋមន្រ្តី។

កាលពីថ្ងៃទី០៩ ខែកញ្ញា លោក សេបាស្យៀង ឡឺក័រនុយ (Sébastien Lecornu) រដ្ឋមន្ត្រីការពារជាតិ ត្រូវបានប្រធានាធិបតីបារាំង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រកាសតែងតាំងជានាយករដ្ឋមន្ត្រីថ្មីបារាំង ក្រោយសភាបារាំងបានដកទំនុកចិត្តពីឯកឧត្តមនាយករដ្ឋមន្ត្រី ហ្វ្រង់ស័រ បៃរូ។

បើតាមលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការឡើងកាន់មុខតំណែងដ៏ខ្ពង់ខ្ពស់នេះ គឺជាជំហានដ៏សំខាន់ក្នុងអាជីពនយោបាយរបស់ឯកឧត្តម និងផ្តល់ទស្សនវិស័យថ្មីៗក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង ដោយឈរលើប្រវត្តិសាស្រ្ត និងតម្លៃរួម។

សម្តេចធិបតី បានគូសបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលកម្ពុជា នៅតែប្តេជ្ញាយ៉ាងមុតមាំក្នុងការធ្វើការសហការយ៉ាងជិតសិ្នទ្ធជាមួយរដ្ឋាភិបាលបារាំង ដើម្បីផ្តល់នូវសន្ទុះថ្មីដល់កិច្ចសហប្រតិបត្តិការដៃគូរយុទ្ធសាស្រ្តកម្ពុជា-បារាំង និងរៀបចំរួមគ្នានូវកិច្ចការសំខាន់ៗខាងមុខ ជាពិសេសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា ឆ្នាំ២០២៦»។

ក្នុងបរិបទនេះ សម្តេចធិបតី បានបង្ហាញក្តីរំពឹងថា ឯកឧត្តមនាយករដ្ឋមន្រ្តីបារាំងថ្មី នឹងមានឱកាសអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា។ ក្នុងន័យនេះ សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា បានសង្កត់ធ្ងន់ថា៖« សូមឯកឧត្តមនាយករដ្ឋមន្រ្តី ទទួលនូវការរាប់អានដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំ ព្រមទាំងសូមជូនពរឯកឧត្តមឱ្យទទួលបានជោគជ័យក្នុងការបំពេញភារកិច្ចថ្មីនេះ»៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…