ប្រមុខការទូតកម្ពុជា ឯកឧត្តម ប្រាក់ សុខុន បានបង្ហាញពិភពលោកអំពីការឈឺចាប់របស់កម្ពុជាដែលកំពុងរងការគំរាមកំហែងដល់សន្តិភាពក្នុងប្រទេសដោយសារទង្វើឈ្លានពានរបស់សៀម។ ក្នុងមហាសន្តិបាតអង្គការសហប្រជាជាតិលើកទី៨០ ឯកឧត្តម ប្រាក់ សុខុន បានថ្លែងអំពីសេចក្តីឈឺចាប់ជាពន់ពេកប្រាប់ជូនមហាសន្និបាតថា សន្តិភាពនៅក្នុងប្រទេសរបស់យើងខ្ញុំផ្ទាល់ដែលទទួលបានដោយលំបាក ហើយយើងស្រឡាញ់យ៉ាងជ្រាលជ្រៅ និងចែករំលែកអស់ពីដួងចិត្តនៅជុំវិញពិភពលោកបច្ចុបន្នកំពុងរងការគំរាមកំហែង ដោយសារជម្លោះព្រំដែនជាមួយប្រទេសជិតខាងមួយ។ ការលើកឡើងរបស់ឯកឧត្តម ប្រាក់ សុខុន ធ្វើឡើងស្របពេលយោធាសៀមបាញ់កាំភ្លើងត្បាល់ និងភ្លើងដៃស្រោចមកលើទីតាំងមូលដ្ឋានឈរជើងរបស់កងកម្លាំងកម្ពុជានៅតំបន់អានសេះ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចំនួន០២លើក កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ប៉ុន្តែកងកម្លាំងកម្ពុជា មិនបានឆ្លើយតបទៅវិញទេ។ នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិ លោកជំទាវម៉ាលី សុជាតា។
ទោះជាយ៉ាងណា ប្រមុខការទូតកម្ពុជា បានអះអាងថា កម្ពុជាអរគុណណាស់ចំពោះបទឈប់បាញ់ តាមរយៈការសម្របសម្រួលរបស់ប្រធានាធិបតីអាមេរិក Donald Trump ដែលបញ្ឈប់បានដោយប្រសិទ្ធភាពនូវការប៉ះទង្គិចប្រដាប់អាវុធ ដែលបានធ្វើឱ្យប្រជាជនស្លូតត្រង់បាត់បង់ជីវិត រងរបួស ការបំផ្លិចបំផ្លាញ និងរាប់សែននាក់ទៀតក្លាយជាជនភៀសសឹក។ ប្រមុខការទូតកម្ពុជា អះអាងបន្ថែមថា ការដាក់ពាក្យស្លោកថា «យើងអរគុណសន្តិភាព! នៅតាមទីក្រុង និងភូមិឋានទូទាំងប្រទេសកម្ពុជា មិនមែនដាក់សម្រាប់ការតុបតែងនោះទេ ប៉ុន្តែជាការក្រើនរំលឹកជាប់ជាប្រចាំថ្ងៃថា សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏វិសេសវិសាលបំផុតរបស់ប្រទេសជាតិយើង។ ដែលនេះសបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេសស្រឡាញ់សន្តិភាព ព្រោះអស់រយៈកាលជាច្រើទស្សវត្សរ៍ ពលរដ្ឋកម្ពុជាបានរងទុក្ខវេទនានិងបន្សល់ទុកនូវស្លាកស្នាមជាច្រើនដោយសារសង្គ្រាម និងអំពើប្រល័យពូជសាសន៍។
មិនតែប៉ុណ្ណោះ ប្រមុខការទូតកម្ពុជា បានអះអាងទៀតថា សន្តិភាពអាចឱ្យយើងកសាងឡើងវិញងើបចេញផុតពីផេះផង់នៃការបំផ្លិចបំផ្លាញទាំងស្រុង ហើយបានធ្វើឱ្យសេដ្ឋកិច្ចរបស់យើងមានកំណើន និងប្រទេសជាតិមានការអភិវឌ្ឍន៍ជាបន្តបន្តាប់។ ប្រមុខការទូតកម្ពុជា សង្កត់ធ្ងន់ថា «យើងខ្ញុំនៅតែដឹងគុណជានិច្ចចំពោះបណ្តាប្រទេសជាច្រើ រួមទាំងតាមរយៈបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UNPKO) ដែលបានផ្តល់ការគាំទ្រដល់កម្ពុជាក្នុងអំឡុងនៃដំណើរការស្វែងរកសន្តិភាព»៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត
















