កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)ដែលមេភូមិភាគ៤ កម្ពុជាត្រូវជួបជាមួយមេភូមិភាគ២ថៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា ត្រូវលើកពេល តាមការស្នើសុំរបស់ភាគីថៃ។ នេះបើតាមលោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បញ្ជាក់នៅព្រឹកថ្ងៃទី១៥ ខែតុលានេះ។ ទោះបីជាយ៉ាងនេះក្តី អ្នកនាំពាក្យរូបនេះ អះអាងថា យោធភូមិភាគទី៤ កម្ពុជា នឹងសម្របសម្រួលជាមួយភាគីថៃ ដើម្បីឱ្យកិច្ចប្រជុំមួយនេះរៀបចំឡើងបានឆាប់រហ័សបើកផ្លូវឱ្យភាគីទាំងពីរជំរុញការបន្តការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព ស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្ដែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាព។
គួររំលឹកថា កិច្ចប្រជុំ RBC បានកើតចេញពីលទ្ធផលនៃកិច្ចប្រជុំពិសេសដែលបានធ្វើកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជានិងថៃ (GBC) កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេងកន្លងទៅ។ កិច្ចប្រជុំនេះ មានគោលបំណងដើម្បីជំរុញការបន្តអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែង សំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត







