ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្ត និងគណៈប្រតិភូបក្សទីក្រុងអ៊ូស៊ី ដឹកនាំដោយលោក ទូ សៀវកាង (Du Xiao Gang) ប្រធានលេខាបក្សទីក្រុងអ៊ូស៊ី នៃខេត្តជាំងស៊ូ ប្រទេសចិន បានជួបពិភាក្សាគ្នានៅក្រុងព្រះសីហនុនៃប្រទេសកម្ពុជា នារសៀលថ្ងៃទី១៥ ខែតុលា។ ជំនួបនេះ តើថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាលើកិច្ចការងារអ្វីខ្លះ? ដើម្បីជ្រាបច្បាស់ ស្ថានីយទូរទស្សន៍ KPS99 TV សូមជូនខ្លឹមសារលម្អិតដូចខាងក្រោមនេះ៖
អភិបាលខេត្តព្រះសីហនុ បានជម្រាបលោក ទូ សៀវកាង អំពីសក្តានុពលរបស់ខេត្តដែលសម្បូរទៅដោយធនធានធម្មជាតិ មានកោះតូចធំចំនួន៣២ មានព្រែក ព្រៃកោងកាង ទឹកជ្រោះ ឧទ្យាជាតិលើកគោក-ឧទ្យានជាតិបាត់សមុទ្រ និងមានឆ្នេរដ៏ស្រស់ស្អាត រួមទាំងជីវចម្រុះគ្រប់ប្រភេទ ដែលជាសក្តានុពលសំខាន់សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម និងកសិកម្ម។ ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រសិទ្ធិនាមថាជា «តារារះនាទិសនិរតី»។ ព្រះសីហនុ ក៏ជាខេត្តស្នូលមួយនៃតំបន់ជាប់មាត់សមុទ្ររបស់ប្រទេសកម្ពុជា ក្រៅពីខេត្តកោះកុង កំពត និងខេត្តកែប។ ក្នុងនោះឆ្នេរសមុទ្រខេត្តព្រះសីហនុ ក៏ត្រូវបានក្លិបឆ្នេរស្អាតបំផុតលើសកលលោក បានដាក់បញ្ចូលជាសមាជិកពេញសិទ្ធិកាលពីអំឡុងឆ្នាំ២០១១។
វិស័យដឹកជញ្ជូននៅក្នុងខេត្តព្រះសីហនុ ឯកឧត្តម ម៉ាង ស៊ីណេត បានលើកឡើងថា ខេត្តព្រះសីហនុ មានផ្លូវទឹក ផ្លូវគោគ និងផ្លូវអាកាស។ ផ្លូវទឹក ខេត្តមានកំពង់ផែអន្តរជាតិចំនួន៣ រួមមាន៖ ១. កំពង់ផែអន្តរជាតិកែវផុស, ២. កំពង់ផែអន្តរជាតិស្ទឹងហាវ និង៣. កំពង់ស្វយ័តក្រុងព្រះសីហនុ។ បច្ចុប្បន្ន កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានជម្រៅទឹក ១៣,៥ម៉ែត្រ អាចអនុញ្ញាតឱ្យនាវាដែលមានចំណុះផ្ទុកប្រមាណ ២០០០ TEUs ចូលចកបាន។ រាជរដ្ឋាភិបាល មានផែនការអភិវឌ្ឃន៍កំពង់ផែនេះជា៣ដំណាក់កាលទៀត ដើម្បីទទួលនាវាដឹកទំនិញធំៗដែលចរាចរណ៍នៅលើពិភពលោកអាចចូលចតបាន។ ក្នុងនោះ ដំណាក់កាលទី១. ពីឆ្នាំ២០២៤ដល់ឆ្នាំ២០២៧ ធ្វើឱ្យមានជម្រៅទឹក ១៤,៥ម៉ែត្រ ដែលអាចឱ្យនាវាចំណុះផ្ទុក៤០០០TEUs ចូលចតបាន។ ដំណាក់កាលទី២. ពីឆ្នាំ២០២៦ដល់២០២៩ នឹងរៀបចំឱ្យមានជម្រៅទឹក ១៦,៥ម៉ែត្រ អនុញ្ញាតឱ្យនាវាចំណុះផ្ទុក ១០០០០TEUs ចូលចតបាន និងដំណាក់កាលទី៣. នឹងរៀបចំឱ្យមានជម្រៅទឹក១៧,៥ម៉ែត្រ ដែលអាចឱ្យនាវាចំណុះផ្ទុះ ១៥០០០TEUs ចូលចតបាន។
គមនាគមន៍ផ្លូវគោក ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បញ្ជាក់ថា ខេត្តមានផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ និងផ្លូវល្បឿនលឿន រួមនឹងផ្លូវដែក ដែលងាយស្រួលក្នុងការធ្វើដំណើរភ្ជាប់ទៅបណ្តារាជធានីខេត្តផ្សេងៗ។ ប៉ុន្តែ ឯកឧត្តមបានរំលេចដែរថា ផ្លូវដែកនៅខេត្តព្រះសីហនុមានល្បឿនយឺតមិនទាន់ដល់ផ្លូវដែកនៅក្នុងទីក្រុងអ៊ូស៊ី និងខេត្តជាំងស៊ូនោះទេ។ ឯកឧត្តមសង្ឃឹមថា ទៅថ្ងៃមុខ ផ្លូវដែកនៅក្នុងប្រទេសកម្ពុជានឹងមានល្បឿនប្រហាក់ប្រហែលនៅអ៊ូស៊ីដែរ។
ចំណែកផ្លូវអាកាស ឯកឧត្តមអភិបាលខេត្ត លើកឡើងថា ខេត្តមានព្រលានយន្តហោះអន្តរជាតិមួយដែលជាទីតាំងភ្ជាប់ខេត្តព្រះសីហនុទៅកាន់ពិភពលោកទាំងមូល។ ព្រលាននេះ មានផ្លូវរត់ប្រវែង ៣៣០០ម៉ែត្រ ដែលអនុញ្ញាតឱ្យយន្តហោះប្រភេទ Boeing 747 ចុះចតបាន។ ក្នុងឆ្នាំ២០២៥ ព្រលាននេះ ទទួលបានជើងហោះត្រង់រួមមាន ខេត្តព្រះសីហនុ-ក្រុងអ៊ូស៊ី, ខេត្តព្រះសីហនុ-គួនមីង, ខេត្តព្រះសីហនុ-ស៊ិនជិន និងខេត្តព្រះសីហនុ-ម៉ាកាវ។ យ៉ាងណា ឯកឧត្តម ម៉ាង ស៊ីណេត សង្ឃឹមថា ការហោះហើរត្រង់ពីខេត្តព្រះសីហនុទៅអ៊ូស៊ី នឹងមានជើងហោះហើរកាន់តែច្រើនបន្ថែម។
ទន្ទឹមគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានបង្ហើបប្រាប់គណៈប្រតិភូបក្សទីក្រុងអ៊ូស៊ីដែរថា រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុ ឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ ផែនការមេនេះ រៀបចំដោយវិទ្យាស្ថាន អាប់ឌីស នៅទីក្រុងស៊ិនជិន ប្រទេសចិន។ ការណ៍នេះ ដោយសារមើលឃើញថា ទីក្រុងស៊ិនជិនមានកំពង់ផែតូចមួយ ប៉ុន្តែមានការអភិវឌ្ឍន៍រីកចម្រើន។ ម្ល៉ោះហើយបានខេត្តព្រះសីហនុយកគំរូតាម ដើម្បីឱ្យមានការអភិវឌ្ឍន៍រីកចម្រើនដូចទីក្រុងស៊ិនជិនដែរ។ ឯកឧត្តមបានបង្ហើបទៀតថា ក្នុងផែនការមេនេះ បានបែងចែកជា ៤ផ្នែកមានដូចជា៖ ១. រាជរដ្ឋាភិបាល នឹងបង្កើតឱ្យមានសួនឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស ច្រកចេញចូលអន្តរជាតិ និងមជ្ឈមណ្ឌលភស្តុភារជាតិដែលមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងទីផ្សារពិភពលោក, ២. នឹងរៀបចំទៅជាទីក្រុងសមាហរណកម្ម ដែលក្នុងនោះមានតំបន់រស់នៅរបស់ប្រជាពលរដ្ឋ តំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ, ៣. តំបន់ទេសចរណ៍ធម្មជាតិ ព្រោះខេត្តមានកោះ មានឆ្នេរដ៏ស្រស់ស្អាត ដូច្នេះរាជរដ្ឋាភិបាលចង់អភិវឌ្ឍន៍តំបន់កោះ និងឆ្នេរទាំងអស់នេះ ឱ្យទៅជាទេសចរណ៍ប្រណិត និង៤. តំបន់កសិកម្ម ក្នុងនោះរដ្ឋាភិបាលចង់អភិវឌ្ឍន៍ឱ្យមានតំបន់វារីវប្បកម្ម, ការកែច្នៃផលិតផលនេសាទ រួមទាំងការចិញ្ចឹមសត្វ និងកសិឧស្សាហកម្ម។ ដោយឡែក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានដាក់ចេញនូវកម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុ។ កម្មវិធីនេះ មានការលើកទឹកចិត្តចំនួន២ រួមមាន៖ ១.
ផ្នែកពន្ធ គឺលើកទឹកចិត្តទៅលើពន្ធលើប្រាក់ចំណូល រួមទាំងពន្ធនាំចេញ-ចូល ដែលរដ្ឋជាអ្នកទទួលបន្ទុក និងទី២. ផ្នែកមិនមែនពន្ធ គឺក្រុមការងាររាជរដ្ឋាភិបាល នឹងជួយសម្របសម្រួលនីតិវិធីក្នុងការបង្កើតរោងចក្រ ដូចជាការចេញលិខិតអនុញ្ញាតផ្សេងៗ។
ជាមួយគ្នានេះ លោក ប្រធានលេខាបក្សទីក្រុងអ៊ូស៊ី នៃខេត្តជាំងស៊ូ ក៏បានជម្រាបជូនឯកឧត្តម ម៉ាង ស៊ីណេតអំពីគោលបំណងនៃការមកបំពេញទស្សនកិច្ចនាពេលនេះ គឺដើម្បីមកស្វែងយល់អំពីសក្តានុពលខេត្តព្រះសីហនុ ព្រមទាំងពង្រឹក និងពង្រីកចំណងនៃទំនាក់ទំនងរវាងទីក្រុងអ៊ូស៊ីនិងខេត្តព្រះសីហនុ។ ចំណែក នៅឆ្នាំ២០២៦ លោកប្រធានលេខាបក្សបានបង្ហើបប្រាប់ថា របាយការណ៍រយៈពេល១៥ឆ្នាំរបស់រដ្ឋាភិបាលចិននឹងកសាងឡើង ដូច្នេះលោកប្រធាន សង្ឃឹមថា ភាគីថ្នាក់ដឹកនាំខេត្តទាំងពីរ នឹងចាប់យកឱកាសក្នុងការបង្កើនទំនាក់ទំនងនៃទីក្រុងទាំងពីរ(ក្រុងកំពង់សោម ខេត្តព្រះសីហនុ-ក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ) ដើម្បីជួយតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុក្នុងការទាក់ទាញវិនិយោគិនឱ្យមកបណ្តាក់ទុនច្រើនបន្ថែម ព្រមទាំងបង្កើនទំនាក់ទំនងរវាងកំពង់ផែជាំងអ៊ីន ខេត្តជាំងស៊ូ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
បន្ថែមពីនេះ លោក ទូ សៀវកាង បានកត់សម្គាល់ឃើញថា ក្នុងឆ្នាំនេះ ការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្ររវាងខេត្តទាំងពីរ មានការរីកចម្រើន។ ដូច្នេះ លោកប្រធានបានបង្ហាញការចាប់អារម្មណ៍លើវិស័យវប្បធម៌ វិស័យទេសចរណ៍ វិស័យអប់រំ វិស័យពាណិជ្ជកម្ម និងការនាំចេញ-ចូល ដោយលោកជំរុញឱ្យខេត្តទាំងពីរគួរតែបង្កើតកិច្ចសហប្រតិបត្តិការក្នុងឆ្នាំនេះតែម្តង។ ពាក់ព័ន្ធនឹងការជំរុញឱ្យមានជើងហោះហើរត្រង់ពីទីក្រុងអ៊ូស៊ីមកកាន់ខេត្តព្រះសីហនុឱ្យបានច្រើនបន្ថែម លោក ទូ សៀវកាង បញ្ជាក់ថា គឺតម្រូវឱ្យមានការទាក់ទាញអ្នកវិនិយោគ ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតបន្ថែមទៀតឡើយ។
ក្នុងជំនួបនេះ ក៏មានពិធីចុះហត្ថលេខាលើលិខិតផ្តួចផ្តើម ស្តីពីការបង្កើតទំនាក់ទំនងទីក្រុងសម្ព័ន្ធមេត្រីភាពរវាងក្រុងកំពង់សោម ខេត្តព្រះសីហនុ និងស្រុកស៊ីសាន នៃទីក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ។ ពិធីនេះ ធ្វើឡើងក្រោមវត្តមានឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងលោក ទូ សៀវកាង (Du Xiao Gang) ប្រធានលេខាបក្សទីក្រុងអ៊ូស៊ី នៃខេត្តជាំងស៊ូ ព្រមទាំងមានការចូលរួមពីមន្រ្តីអ្នកមុខអ្នកការជាច្រើនរូប៕
អត្ថបទ៖ ង៉ែត ពិសាន្ត
រូបភាព៖ កែវ ដារ៉ា

















