រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

វិនិយោគិនជាង៨០នាក់មកចាប់ឱកាសបណ្តាក់ទុនលើវិស័យអាទិភាពក្នុងខេត្តព្រះសីហនុ

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ធុរជន និងវិនិយោគិនជាង៨០នាក់បានមកជួបជុំគ្នាក្នុងកិច្ចប្រជុំផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងទីក្រុងអ៊ូស៊ី និងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដើម្បីស្វែងរកដៃគូរវិនិយោគលើវិស័យអាទិភាពសំខាន់ៗដូចជា៖ វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ អចលនទ្រព្យ និងការដឹកជញ្ជូនជាដើម។

កិច្ចប្រជុំបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ, លោក ទូ សៀវកាំង (Du Xiao Gang) ប្រធានលេខាបក្សទីក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ និងលោក ឈិន ជីនកាង ប្រធានក្រុមប្រឹក្សាភិបាលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១៦ ខែតុលានេះ នៅសណ្ឋាគារ Novotel Resort ក្នុងក្រុងព្រះសីហនុ។

ក្នុងវេទិកានេះ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានអះអាងនៅចំពោះមុខធុរជន និងវិនិយោគិនជាង៨០នាក់ថា៖ «យើងបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយធុរជនទាំងអស់ក្នុងការសម្របសម្រួលការងារជូន ដើម្បីបង្កឱកាសវិនិយោគស្របតាមច្បាប់ឆាប់រហ័សប្រកបដោយតម្លាភាព និងមានប្រសិទ្ធភាពខ្ពស់»។ ឯកឧត្តម ក៏សង្ឃឹមដែរថា តាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អរវាងខេត្តព្រះសីហនុ និងទីក្រុងអ៊ូស៊ី តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នឹងទទួលបានក្រុមហ៊ុនវិនិយោគទី៣០០ ក្នុងពេលឆាប់ៗខាងមុខ។

ទន្ទឹមគ្នានេះ ឯកឧត្តម ម៉ាង ស៊ីណេត បានជំរុញឱ្យលោកប្រធានក្រុមប្រឹក្សាភិបាលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុសហការជាមួយរដ្ឋបាលខេត្ត ក្នុងករណីមានរោងចក្រថ្មីៗចូលមកវិនិយោគក្នុងតំបន់ ដើម្បីរដ្ឋបាលខេត្តជួយតាមដាន សម្របសម្រួល និងជំរុញនីតិវិធីឱ្យកាន់តែលឿន និងឆាប់រហ័ស។

ឯកឧត្តមអភិបាលខេត្ត ក៏បានរំលេចអំពីកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលសម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា បានដាក់ចេញកាលពីអំឡុងឆ្នាំ២០២៤ សម្រាប់តែខេត្តព្រះសីហនុតែប៉ុណ្ណោះ។ ក្នុងកម្មវិធីនោះ នឹងលើកទឹកចិត្តផ្នែកពន្ធ គឺផ្តល់ការលើកលែងពន្ធលើប្រាក់ចំណូល, ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមារយៈពេល ៣ឆ្នាំ និងពន្ធផ្សេងៗទៀត។ ចំណែក ការនាំចូលសម្ភារបរិក្ខាសំណង់ សម្ភារបរិក្ខាផលិតកម្ម និងធាតុចូលផលិតកម្ម គឺពន្ធនិងអាករជាបន្ទុករបស់រដ្ឋ។ ចំណុចសំខាន់មួយទៀត គឺការគាំទ្រផ្នែករដ្ឋបាលដែលផ្តោតលើការលើកលែងការបង់ថ្លៃសេវាសាធារណៈ ការសម្រួលនីតិវិធីសម្រាប់លិខិតអនុញ្ញាតសាងសង់ ការសម្រួលបែបបទ នីតិវិធីវិនិយោគ និងធុរកិច្ច រួមទាំងការស្នើសុំអាជ្ញាប័ណ្ណ វិញ្ញាបនបត្រ និងលិខិតអនុញ្ញាតនានា។

គួរកត់សម្គាល់ថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាស្ពាន និងជាវេទិកាមួយដែលមិនត្រឹមតែដើម្បីបន្តការទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅក្នុងការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ និងសុខាភិបាលរវាងខេត្តព្រះសីហនុ និងខេត្តជាំងស៊ូ ទីក្រុងអ៊ូស៊ីប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែរ៕

អត្ថបទ៖ ង៉ែត ពិសាន្ត
រូបភាព៖ កែវ ដារ៉ា

មតិយោបល់

កំពុងផ្ទុកមតិយោបល់…