គម្រោងអភិវឌ្ឍកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ ដំណាក់កាលទី១ សម្រេចការសាងសង់បាន ៤៤ភាគរយហើយ។ គិតមកដល់បច្ចុប្បន្ន គម្រោងនេះបានប្រព្រឹត្តទៅស្របតាមផែនការដែលបានគ្រោងទុក បន្ទាប់ពីបើកការដ្ឋានសាងសង់បានរយៈពេល២ឆ្នាំ ពោលគឺកាលពីអំឡុងខែធ្នូ ឆ្នាំ២០២៣។ បើតាមលោក អ៊ុក សុមេធី នាយករងផែនការលទ្ធកម្ម និងស្ថិតិនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបង្ហើបប្រាប់ស្ថានីយទូរទស្សន៍ KPS99 TV នៅព្រឹកថ្ងៃទី១៧ ខែតុលានេះថា៖ «សម្រាប់ដំណាក់កាលទី១នេះ គ្រោងប្រើប្រាស់ថវិការប្រមាណ ២៥០លានដុល្លារអាម៉េរិក ក្នុងនោះបូករួមបញ្ជូលទាំងឧបករណ៍គ្រឿងចក្រលើកដាក់ផងដែរ»។ លោកបានលម្អិតបន្ថែមថា ដំណាក់កាលទី១នេះ គ្រោងបញ្ចប់ការងារ និងដាក់ឱ្យប្រើប្រាស់ក្នុងអំឡុងខែមីនា ឆ្នាំ២០២៧ខាងមុខ។
មិនតែប៉ុណ្ណោះ លោក អ៊ុក សុមេធី បានបញ្ជាក់ឱ្យដឹងដែរថា ក្នុងរយៈពេល០៩ខែឆ្នាំ២០២៥នេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ អនុវត្តបានបរិមាណទំនិញឆ្លងកាត់សរុបជាង ៨លាន៨សែនតោន (៨,៨៧៤,០៥២តោន) មានកំណើន ២៣,១៥ភាគរយ បើធៀបនិងរយៈពេលដូចគ្នាឆ្នាំ២០២៤។ ក្នុងនោះ បរិមាណទំនិញនាំចូលមានចំនួនជាង ៦លាន៦សែនតោន (៦,៦០៧,១៨២តោន) និងបរិមាណទំនិញនាំចេញមានចំនួនជាង ២លាន២សែនតោន (២,២៦៦,៨៧០តោន)។ ចំណែក នាវាចូលចតសរុបមានចំនួន ១,៣១៩គ្រឿង មានកំណើន ១៣.៦១ភាគរយ បើធៀបនិងរយៈពេលដូចគ្នាឆ្នាំ២០២៤។
គួររំលឹកថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់ប្រទេសជាតិ។ ទំនិញឆ្លងកាត់នៅក្នុងកំពង់ផែនេះ គឺមានការកើនឡើងគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឱ្យប្រាក់ចំណូលរបស់កំពង់ផែ ក៏ដូចជាប្រាក់ចំណូលរបស់ជាតិមានការកើនឡើងជាលំដាប់។ បច្ចុប្បន្ន កំពង់ផែនេះ មានជម្រៅទឹក ១៣,៥ម៉ែត្រ ដែលអាចឱ្យនាវាដែលមានចំណុះផ្ទុក ២,០០០TEUs ចូលចតបាន។
យ៉ាងណាដើម្បីទទួលនាវាដឹកទំនិញធំៗដែលចរាចរណ៍នៅលើពិភពលោកអាចចូលចតបាន រាជរដ្ឋាភិបាល មានផែនការអភិវឌ្ឃកំពង់ផែនេះជា៣ដំណាក់កាល។ ក្នុងនោះ ដំណាក់កាលទី១. ពីឆ្នាំ២០២៤ដល់ឆ្នាំ២០២៧ ធ្វើឱ្យមានជម្រៅទឹក ១៤,៥ម៉ែត្រ ដែលអាចឱ្យនាវាចំណុះផ្ទុក ៤,០០០TEUs ចូលចតបាន។ ដំណាក់កាលទី២. ពីឆ្នាំ២០២៦ដល់២០២៩ នឹងរៀបចំឱ្យមានជម្រៅទឹក ១៦,៥ម៉ែត្រ អនុញ្ញាតឱ្យនាវាចំណុះផ្ទុក ១០,០០០TEUs ចូលចតបាន និងដំណាក់កាលទី៣. នឹងរៀបចំឱ្យមានជម្រៅទឹក ១៧,៥ម៉ែត្រ ដែលអាចឱ្យនាវាចំណុះផ្ទុះ ១៥,០០០TEUs ចូលចតបាន។ នេះមានន័យថា ស្ទើតែ១០០ភាគរយនៃនាវាដែលចរាចរណ៍លើពិភពលោកគឺអាចចូលចតបាន៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត











