(ម៉ាឡេស៊ី)៖ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានចាប់ផ្តើមកិច្ចប្រជុំហើយ នាវេលាម៉ោង ១៨៖០០នាទី ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
បើយោងតាមលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានធ្វើការពិភាក្សានូវខ្លឹមសារ និងធ្វើការផ្លាស់ប្តូរឯកសារគ្នាទៅវិញទៅមក ដើម្បីត្រៀមរៀបចំកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ខាងមុខនេះ ដើម្បីជំរុញបន្ថែមការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។
គណៈប្រតិភូក្រុមលេខាធិការរបស់កម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ទោ ញ៉ែម បូរ៉ាដែន ប្រធានក្រុមលេខាធិការ (GBC) កម្ពុជា និងគណៈប្រតិភូក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ ឯក ណាត់ថាផុង ប្រាវកែវ ប្រធានក្រុមលេខាធិការ (GBC ) ថៃ។
សូមបញ្ជាក់ថា កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ក្រោមការសង្កេតការណ៍ពីប្រធានក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) របស់កម្ពុជា និងថៃ តំណាងការិយាល័យអនុព័ន្ធយោធាអាម៉េរិកប្រចាំនៅប្រទេសកម្ពុជា ប្រទេសថៃ និងប្រទេសម៉ាឡេស៊ី រួមទាំងតំណាងភាគីម៉ាឡេស៊ីចូលរួមផងដែរ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ














