រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ គ្រាំទ្រពេញទំហឹងគម្រោង Port Yves Place (P. Y. P) ដើម្បីចូលរួមលើកកម្ពស់បន្ថែមក្នុងការអភិវឌ្ឍន៍នៅលើក្រុងកោះរ៉ុង

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ខេត្តព្រះសីហនុ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍លើកឡើងថា រដ្ឋបាលក្រុងកោះរ៉ុង និងអាជ្ញាធរសមត្ថកិច្ចដាច់ខាតត្រូវពង្រឹងសុវត្ថិភាពជូនទាំងភ្ញៀវក្នុងស្រុក និងក្រៅស្រុកដែលមកកំសាន្ត និងវិនិយោគនៅលើកោះរ៉ុងឲ្យបានដាច់ខាត់ ហើយចំពោះការអភិវឌ្ឍន៍វិស័យទេសចរណ៍គឺទាមទារនូវសន្តិសុខសុវត្ថិភាព ជាកត្តាចម្បង និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធបានល្អអោយងាយស្រួលក្នុងការធ្វើដំណើររបស់ពលរដ្ឋ និងភ្ញៀវទេសចរមកកំសាន្ត ពីតំបន់មួយទៅតំបន់មួយ និងត្រូវដាក់អំពូលភ្លើង និងកាមេរ៉ាសុវត្ថិភាពក្នុងការរក្សាសន្តិសុខ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានលើកឡើងដូចនេះនៅក្នុងពិធីបើកការដ្ឋានគម្រោង Port Yves Place (P. Y. P) នៅក្រុងកោះរ៉ុងដោយមានការចូលរួមពី ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នាថ្ងៃទី២៧ខែតុលាឆ្នាំ២០២៥។ឯកឧត្តមឧបនាយករដ្ឋមន្រ្តី គ្រាំទ្រពេញទំហឹងគម្រោង Port Yves Place (P. Y. P) ដើម្បីចូលរួមលើកកម្ពស់បន្ថែមក្នុងការអភិវឌ្ឍន៍នៅក្រុងកោះរ៉ុង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា អាជ្ញាធរក្រុងធ្វើយ៉ាងណាសម្រួល និងបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគឲ្យបានច្រើន ហើយកម្លាំងសមត្ថកិច្ចទាំងកងរាជវុធហត្ថនគរបាល និងប្រជាការពារត្រូវបង្កើនរក្សាសន្តិសុខសុវត្ថិភាពជូនភ្ញៀវទេសចរនិងអ្នកវិនិយោគឲ្យបានដាច់ខាតនៅលើក្រុងកោះរ៉ុងបាន២៤ម៉ោង។ ទាំងអស់នេះគឺជាជីវិត និងការទាក់ទាញនៅថវិកាសម្រាប់អ្នកកោះ។ ឯកឧត្តមឧប សាយ សំអាល់ បន្ថែមថាបច្ចុប្បន្នលោកកំពុងចរចារកថវិការៀបចំចម្រុះទឹកស្អាតជូនអ្នកកោះបានប្រើប្រាស់ និង ត្រូវមានប្រព័ន្ធទឹកកខ្វក់ការគ្រប់គ្រងសំរាមដើម្បីសោភណ្ឌនឹងបរិស្ថាន។

លោកស្រី សិរីវឌ្ឍនា អ៊ីវ៉ា នាយកប្រតិបត្តិ M.B.I.S, APSARA RESORT មានប្រសាសន៍នៅក្នុងពិធីបើកការដ្ឋានសាងសង់គម្រោង Port Yves បានលើកឡើងថា ការចាប់ផ្តើមបង្កើតគម្រោង Port Yves Place (P. Y. P) គឺមានអាផាតមែនដ៏ប្រណិតចំនួន១៥០ បន្ទប់ ជាមួយនឹងឧបករណ៍ និងគ្រឿងបរិក្ខារស្តង់ដារខ្ពស់។

គម្រោង Port Yves Palace រួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅកម្ពុជា និងខេត្តព្រះសីហនុ ក៍ដូចជាក្រុងកោះរ៉ុង។ជាពិសេស រួមចំណែកដល់គោលដៅដែលបានកំណត់ដោយរដ្ឋាភិបាល ដែលនាំប្រទេសកម្ពុជាឱ្យមានកម្រិតខ្ពស់ប្រទេសដែលមានប្រាក់ចំណូលមធ្យមនៅឆ្នាំ ២០៣០ និងប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។

គម្រោងនឹងផ្តល់ឱកាសការងារអចិន្ត្រៃយ៍យ៉ាងតិច ៣៥០ ដល់ ៥០០ នាក់ដោយផ្ទាល់និងកិច្ចសន្យាការងារសេវាកម្មដោយប្រយោលក្នុងអំឡុងពេលសាងសង់ និងចាប់ផ្តើមដំណើរការ។

លើសពីនេះ រាល់ផ្នែកប្រតិបត្តិការនៃគម្រោងនេះនឹងត្រូវធ្វើឡើងដោយយកចិត្តទុកដាក់ចំពោះបរិស្ថាន ដោយប្រើដំណោះស្រាយដែលការពារធម្មជាតិ និងរួមចំណែកដល់អាយុជីវិតយូរអង្វែងសម្រាប់ភពផែនដី និងរួមចំណែកដល់និរន្តរភាពកំណើនសេដ្ឋកិច្ច៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព៖ កែវ ដារ៉ា

មតិយោបល់

កំពុងផ្ទុកមតិយោបល់…