រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រុមហ៊ុន CAMBODIAN NOBLE TASTE FOOD CO., LTD. ត្រូវបានក្រសួងបរិស្ថានអនុញ្ញាតឱ្យដំណើរការផលិតកម្មឡើងវិញជាបណ្តោះអាសន្ន

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារ ក្រសួងបរិស្ថាន មានមន្រ្តីបច្ចេកទេស អគ្គនាយកដ្ឋានគាំពារបរិស្ថាន និងមានការចូលរួមពីតំណាង មន្ទីរបរិស្ថានខេត្តព្រះសីហនុ តំណាងរដ្ឋបាលស្រុកព្រៃនប់ មេឃុំទឹកថ្លា និងមេធាវីរបស់ក្រុមហ៊ុន បានចុះត្រួតពិនិត្យការអនុវត្តវិធានការច្បាប់ ដែលក្រសួងបរិស្ថានបានដាក់ចេញនាពេលកន្លងមក។

បច្ចុប្បន្ន ក្រសួងបរិស្ថានបានអនុញ្ញាតឱ្យក្រុមហ៊ុន CAMBODIAN NOBLE TASTE FOOD CO., LTD. ប្រភេទកែច្នៃស្បែកគោ ដែលមានអាសយដ្ឋាន នៅឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដំណើរការឡើងវិញជាបណ្តោះអាសន្នរយៈពេល៣ខែ បន្ទាប់ពីក្រុមហ៊ុនបានអនុវត្តវិធានការ ដែលបានកំណត់ស្របតាម ក្រមបរិស្ថាន និងធនធានធម្មជាតិ និងបានរៀបចំ ប្រព័ន្ធប្រព្រឹត្តកម្មសំណល់រាវ មិនឱ្យមានការបំពុលព្រែសង្កែ ដែលជាព្រែកធម្មជាតិ ស្ថិតនៅក្បែរទីតាំងក្រុមហ៊ុនដូចនាពេលកន្លងទៅ។

ក្រុមការងារបានពិនិត្យស្ថានភាពទឹកព្រែកសង្កែ ដែលនៅជាប់ទីតាំងរបស់ក្រុមហ៊ុនចំនួនបីចំណុច៖  1. ខ្សែទឹកខាងក្រោមចំណុចបញ្ចេញសំណល់រាវពីអាងប្រព្រឹត្តកម្ម 2. ចំណុចបញ្ចេញសំណល់រាវពីអាងប្រព្រឹត្តកម្ម ដែលជាទីតាំងបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និង 3. ខ្សែទឹកខាងលើចំណុចបញ្ចេញសំណល់រាវពីអាងប្រព្រឹត្តកម្ម។ ជាលទ្ធផលបឋម ប៉ារ៉ាមែត្រគុណភាពទឹកនៅទីតាំងទាំងបី (pH, DO, TSD) ស្ថិតក្នុងកម្រិតស្តង់ដារអនុញ្ញាត។ លើសពីនេះ ក្រុមហ៊ុនបានអនុវត្តវិធានការច្បាប់តាមនីតិវិធីកំណត់តាមក្រមបរិស្ថាន និងធនធានធម្មជាតិ និងបានរៀបចំប្រព័ន្ធប្រព្រឹត្តកម្មសំណល់រាវ និងបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យការបញ្ចេញសំណល់រាវបាមរួចរាល់ ដើម្បីការពារមិនឱ្យមានការបំពុលព្រែសង្កែជាព្រែកធម្មជាតិតទៅទៀត។

លោក ហ្សី ជី ប្រធានគ្រប់គ្រងរដ្ឋបាលរបស់ក្រុមហ៊ុន បានអរគុណក្រសួងបរិស្ថានដែលបានអនុញ្ញាតឱ្យក្រុមហ៊ុនបានដំណើរការឡើងវិញ និងបានប្តេជ្ញាចិត្តចូលរួមអនុវត្តតាមច្បាប់ ទប់ស្កាត់បញ្ចេញសំណល់រាវ បំពុលតំបន់ទឹកសាធារណៈ និងប៉ះពាល់ដល់សុខភាពរបស់មនុស្ស និងបរិស្ថាននៅក្នុងមូលដ្ឋាន។

ដោយឡែក លោក ជួប បាន មេឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានឱ្យដឹងថា ក្រសួងបរិស្ថានបានចុះមកពិនិត្យ និងបានចាត់វិធានការច្បាប់ ធ្វើឱ្យព្រែកសង្កែ ប្រែជាស្អាត ទឹកក្នុងព្រែក ប្រែជាល្អថ្លា និងបានធ្វើឱ្យក្រុមហ៊ុនអនុវត្តច្បាប់បានត្រឹមត្រូវ និងបានបើកដំណើរការមកវិញ គឺផ្តល់ប្រយោជន៍ដល់បរិស្ថាន និងអាយុជីវិតរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោក លី យូសុះ មេភូមិ និងតំណាងឱ្យប្រជាជននៅភូមិព្រែកសង្កែ ឃុំទឹកថ្លា ខេត្តព្រះសីហនុ បានមើលឃើញខាងក្រុមហ៊ុនបានសហការបានល្អជាមួយក្រុមការងារក្រសួងបរិស្ថាន កែប្រែបច្ចេកទេសរហូតបានទទួលការអនុញ្ញាតដំណើរការឡើងវិញ។

សូមបញ្ជាក់ថា ការចូលរួមសាមគ្គីគ្នាគឺ ដើម្បីអនុវត្តយុទ្ធនាការរបស់ក្រសួងបរិស្ថាន ដើម្បីកម្ពុជាមានភាពស្អាត ភាពបៃតង និងចីរភាព និងរួមគ្នាទប់ស្កាត់ការបំពុលទឹក ដី ខ្យល់ របស់ក្រុមហ៊ុន សហគ្រាសនានា និងបានបញ្ជាក់អំពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល លើការទប់ស្កាត់ការបំពុលប្រភពទឹកសាធារណៈ តាមរយៈក្រសួងបរិស្ថានជាសេនាធិការក្នុងការពង្រឹងការអនុវត្តច្បាប់៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…