រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អភិបាលខេត្តកំពត៖ មន្ត្រីដែលនឹងទទួលការតែងតាំងថ្មីគ្រប់មុខតំណែង ត្រូវមានគុណធម៌ យល់ច្បាស់ពីច្បាប់ដើម្បីបំរើពលរដ្ឋ និងចូលរួមអភិវឌ្ឍន៍សង្គមជាតិ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

អភិបាលខេត្តកំពតបានផ្តាំផ្ញើ និងជំរុញដល់មន្ត្រីរាជការដែលទើបទទួលការតែងតាំងថ្មីគ្រប់មុខតំណែងទាំងអស់ក្នុងរដ្ឋបាលខេត្ត ស្រុក និងមន្ទីរ-អង្គភាពជុំវិញខេត្ត ត្រូវមានគុណធម៌ក្នុងការបំពេញការងារ ស្វែងយល់ឱ្យបានច្បាស់អំពីច្បាប់ លិខិតបទដ្ឋានគតិយុត្តិផ្សេងៗ ដើម្បីផ្តល់សេវាជូនពលរដ្ឋឱ្យបានល្អប្រសើរ និងចូលរួមអភិវឌ្ឍន៍សង្គមជាតិឱ្យរីកចម្រើន។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងបន្ថែមថា អ្នកដែលត្រូវប្រកាសចូលកាន់មុខតំណែងនាពេលនេះ គឺជាអ្នកដែលមានសមត្ថភាព និងទទួលបានការទុកចិត្តពីថ្នាក់ដឹកនាំមន្ទីរ និងថ្នាក់ដឹកនាំខេត្ត ដោយប្រគល់តួនាទីភារកិច្ចជូនតាមជំនាញរៀងៗខ្លួន។

ដូច្នេះ ក្នុងនាមយើងទាំងអស់គ្នាជាប្រជាពលរដ្ឋកម្ពុជា ជាមន្ត្រីរាជការដែលមានតួនាទីបំរើពលរដ្ឋ និងជាអ្នកត្រូវចូលរួមអភិវឌ្ឍន៍ប្រទេសជាតិជាមួយថ្នាក់ដឹកនាំប្រទេស យើងត្រូវយល់ដឹងឱ្យបានច្បាស់ពីច្បាប់នានាក្នុងការផ្តល់សេវាជូនពលរដ្ឋ ខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងការបំរើពលរដ្ឋទៅតាមជំនាញវិជ្ជាជីវៈប្រកបដោយសេចក្តីថ្លៃថ្នូរ កុំឱ្យមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ ពិសេសត្រូវមានចរិតជាតិនិយម។

លោក ឃុត ឧសភា នាយករដ្ឋបាលសាលាខេត្តកំពត បានឱ្យដឹងថា ការប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធសាលាខេត្ត តាមបណ្តាមន្ទីរ និងរដ្ឋបាលក្រុង-ស្រុក នៃខេត្តកំពតនាពេលនេះមានមន្ត្រីរាជការចំនួន ៥៦នាក់ ក្នុងនោះស្រី ១១នាក់ មានមន្ទីរ-អង្គភាពចំនួន៦ រួមមាន៖ សាលាខេត្តកំពត មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីរអប់រំយុវជន និងកីឡា មន្ទីរបរិស្ថាន មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ទីររ៉ែ និងថាមពល និងក្រុង-ស្រុកចំនួន៣រួមមាន ក្រុងកំពត ស្រុកទឹកឈូ និងស្រុកជុំគិរី៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…