សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាមួយប្រមុខរាជ និងរដ្ឋាភិបាលអាស៊ាន និងឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាមានិតចិន ក្នុងពិធីចុះហត្ថលេខាលើការដំឡើងកម្រិត តំបន់ពាណិជ្ជសេរី អាស៊ាន–ចិន ជាសម័យទី ៣.០ (ASEAN–China Free Trade Area 3.0) ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ២៨ តុលា ឆ្នាំ ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
ពិធីចុះហត្ថលេខានេះ គឺជាជំហានសំខាន់មួយក្នុងការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងអាស៊ាន និងចិន ដោយមានគោលបំណងពង្រឹងការទំនាក់ទំនងសហប្រតិបត្តិការនានា ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងឧស្សាហកម្ម ដើម្បីបង្កើតភាពរីកចម្រើនសេដ្ឋកិច្ចរួមនៅក្នុងតំបន់។
ការដំឡើងកម្រិតតំបន់ពាណិជ្ជសេរីអាស៊ាន–ចិន ជាសម័យទី ៣.០ នេះ ត្រូវបានគេរំពឹងថា នឹងជួយលើកកម្ពស់សេវាកម្ម និងកំណត់វិធានការថ្មីៗ ដើម្បីជំរុញការផលិត ការទិញលក់ និងការវិនិយោគរវាងភាគីទាំងពីរ ឱ្យកាន់តែមានប្រសិទ្ធភាព និងភាពប្រកួតប្រជែង។
កម្ពុជាផ្តល់ការគាំទ្រយ៉ាងពេញទំហឹងចំពោះការចុះហត្ថលេខានេះ ព្រោះមានជំនឿជាក់ថា វានឹងរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់អាស៊ាន–ចិន ឱ្យកាន់តែរីកចម្រើន និងផ្តល់អត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាពលរដ្ឋទាំងអស់ក្នុងតំបន់។
ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ











