នារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មទំនើបដំណាំស្រូវ–អង្ករសុវត្ថិភាព នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង។ សហគមន៍នេះទើបចាប់ផ្តើមផលិតកម្មស្រូវស្រងែស្រាលតាមកិច្ចសន្យា ដែលមានតម្លៃទិញត្រឹម ៩៥០ រៀលក្នុងមួយគីឡូក្រាម។
ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា តម្លៃនៃផលិតផលនេះ មិនមែនកំណត់ដោយរដ្ឋទេ ប៉ុន្តែជាលទ្ធផលនៃការចងក្រងជាសហគមន៍កសិកម្មទំនើប ដែលផ្តល់អំណាចឱ្យប្រជាកសិករជាសមាជិកអាចចរចាកិច្ចសន្យាជាមួយអ្នកទិញជាមុន ទាក់ទងនឹងតម្លៃ គុណភាព និងបរិមាណផលិតផល។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្តេជ្ញាបន្តគាំទ្រការចងក្រងសហគមន៍កសិកម្មទំនើបជាបន្តទៀត ដើម្បីជួយដល់ប្រជាកសិករធានាបាននូវតម្លៃ និងទីផ្សារតាមរយៈកិច្ចសន្យាទុកមុន កាត់បន្ថយថ្លៃដើមផលិតកម្ម និងទទួលបានជំនួយបច្ចេកទេសសមស្រប ដើម្បីបង្កើនប្រសិទ្ធភាព និងស្ថិរភាពក្នុងវិស័យកសិកម្មជាតិ។
ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ











