រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់យានយន្តអគ្គិសនី រាជរដ្ឋាភិបាលកម្ពុជានឹងពង្រាយស្ថានីយសាកអាគុយយានយន្តអគ្គិសនីឱ្យបានច្រើននៅទូទាំងប្រទេស

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីល្បឿនលឿនដែលមានសមត្ថភាពបញ្ជូលថាមពលយានយន្តត្រឹមតែ ៣០នាទីអាចបើកបរបានពី ៣០០ ទៅ៤០គីឡូម៉ែត្រ និងមាននៅតាមបណ្ដោយដងផ្លូវជាតិសំខាន់ៗទូទាំងប្រទេសកម្ពុជា ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់ដែលមានការកើនឡើងជាលំដាប់។ ទន្ទឹមនេះ ក៏នឹងធ្វើការទម្លាក់តម្លៃបញ្ជូលថាមពលមកទាបជាងមុនផងដែរ ដើម្បីលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា។ នេះបើតាមការឱ្យដឹងពី ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្រៅកិច្ចប្រជុំបៃតង និងចីរភាពសកលឆ្នាំ២០២៥ នៅល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥។

ឯកឧត្តម កែវ រតនៈ បានបញ្ជាក់ថា ការទម្លាក់តម្លៃបញ្ជូលថាមពលអគ្គិសនីមកទាបជាមុននេះ ដើម្បីកាត់បន្ថយការប្រើប្រាស់យានយន្តដែលប្រើប្រាស់ប្រេងឥន្ធនៈដែលជះផលប៉ះពាល់បរិស្ថានខ្ពស់ជាងយានយន្តអគ្គិសនី។ លោកបានលើកឡើងយ៉ាងដូច្នេះថា៖ «នាពេលឆាប់ៗដ៏ខ្លីខាងមុខនេះ អាជ្ញាធរអគ្គិសនីកម្ពុជា តាមការចង្អុលទិសរបស់ក្រសួងរ៉ែ និងថាមពល និងរាជរដ្ឋាភិបាលកម្ពុជានឹងទម្លាក់ថវិការទ្រង់ទ្រាយធំ ដើម្បីធានាថាទូទាំងប្រទេសកម្ពុជានៅតាមផ្លូវសំខាន់ៗគឺមានស្ថានីយ៍សាកអាគុយរថយន្ត អាគុយម៉ូតូ ដែលមានល្បឿនលឿន ព្រោះឥឡូវយើងសាកតាមផ្ទះពី៦ ទៅ៧ម៉ោងទើបពេញ ។

ឯកឧត្តម កែវ រតនៈ បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានគិតគូរអំពីការលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋកម្ពុជាឱ្យចំណាយប្រាក់លើការប្រើប្រាស់យានយន្តតិចជាងមុន ហើយចំណេញបានរហូតដល់ ៥ដង នៃការប្រើប្រាស់យានយន្តដែលចាក់ប្រេងឥន្ធនៈ។ ម្យ៉ាងទៀតចូលរួមថែរក្សាបរិស្ថានទាំងក្នុងក្របខណ្ឌក្នុងប្រទេសកម្ពុជា ក៏ដូចជាពិភពលោក។ លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ផែនការរបស់ក្រសួងរ៉ែ និងថាមពលនឹងត្រូវទម្លាក់ថ្លៃសាករថយន្តដើម្បីកុំឱ្យថ្លៃដូចបច្ចុប្បន្នដែលមានតម្លៃ ១៦០០រៀល ១៧០០រៀល ឬ២០០០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង ឱ្យមកនៅតម្លៃទៀបជាងហ្នឹង។

បើយោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥ មានយានយន្តអគ្គិសនីចុះបញ្ជីសរុប ១០,៥៦៨គ្រឿង ក្នុងនោះរថយន្តអគ្គិសនី ៧,១៨៧គ្រឿង ត្រីចក្រយានយន្តអគ្គិសនីចំនួន ៦៧១គ្រឿង និងម៉ូតូអគ្គិសនីចំនួន ២,៧១០គ្រឿង ខណៈបច្ចុប្បន្ន ការអភិវឌ្ឍយានយន្តអគ្គិសនី គឺជានិន្នាការសកល ដែលកំពុងកើនឡើងយ៉ាងលឿនបំផុតជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…