មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានប្រកាសតាមរយៈសេចក្តីជូនដំណឹងថា មន្ទីរនឹងអនុវត្តគម្រោងបើកទ្រូងផ្លូវជាតិលេខ៤ ប្រវែង ៣០ម៉ែត្រ ចន្លោះគីឡូម៉ែត្រលេខ ២២១+២៨០ ដល់គីឡូម៉ែត្រលេខ២២១+៣២០ ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្នុងអំឡុងពេលនៃការអនុវត្ថគម្រោងនេះ មន្ទីរក៏នឹងគ្រោងបើកការដ្ឋាននៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះដែរ។ ចំណែក ការបើកការដ្ឋាន អាចនឹងបង្កឱ្យមានការរំខានដល់ការធ្វើចរាចរណ៍ផ្សេងៗ។ ដូច្នេះ ដើម្បីធានាបាននូវសុវត្ថិភាពក្នុងការធ្វើដំណើរ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានអំពាវនាវឱ្យម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តដឹកទំនិញ និងសាធារណជនទាំងអស់ មេត្តាបង្កើនការយកចិត្តទុកដាក់ក្នុងការបើកបរដោយស្មារតីប្រុងប្រយ័ត្នខ្ពស់។ បើតាមមន្ទីរសាធារណការខេត្ត៖ «សូមម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តដឹកទំនិញ និងសាធារណជនទាំងអស់ យោគយល់អធ្យាស្រ័យ ព្រមទាំងបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងអំឡុងពេលនៃការធ្វើចរាចរណ៍ឆ្លងកាត់ទីតាំងខាងលើប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ដោយឡែក កាលពីចុងខែតុលា ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានចាត់ឱ្យលោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ចុះជួបធ្វើការជាមួយក្រុមហ៊ុន World bank ជាបន្ទាន់ ដោយសារក្រុមហ៊ុននេះទទួលម៉ៅការសាងសង់កំណាត់ផ្លូវជាតិលេខ៤ ហើយខ្វះបច្ចេកទេសក្នុងការដាក់របាំងចំណាំងផ្លាតភ្លើងបំភ្លឺចរាចរណ៍នៅតាមការដ្ឋានសាងសង់ដែលបង្កគ្រោះថ្នាក់ជាហូរហែដល់ប្រជាពលរដ្ឋជាអ្នកធ្វើដំណើរ។ ទន្ទឹមគ្នា ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា បញ្ហាផ្លូវជាតិលេខ៤ បើក្រុមហ៊ុនសាងសង់មិនរៀបចំកែសម្រួលរបាំងចំណាំងផ្លាតភ្លើងបំភ្លឺចរាចរណ៍ឱ្យបានល្អ និងគ្រប់គោលដៅនៃការដ្ឋានសាងសង់ទេ នោះក្រុមហ៊ុនត្រូវចេញថ្លៃព្យាបាល និងការខូចខាតដល់អ្នកគ្រោះថ្នាក់ចរាចរណ៍។ ចំណែក លោក នួន ប៊ុនថុល អភិបាលក្រុងកំពង់សោម ក៏សង្កេតឃើញថា ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែកើតឡើងជាញឹកញ៉ាប់នៅតាមបណ្តោយផ្លូវជាតិលេខ៤ដែរ។ ចំពោះមូលហេតុ លោកបានបញ្ជាក់ថា ដោយសាររបាំងដែលដាក់នៅតាមការដ្ឋានសាងសង់មិនមានចំណាំងផ្លាតច្បាស់លាស់ និងគ្រប់គោលដៅ ហើយគួបផ្សំមេឃភ្លៀងធ្វើឱ្យផ្លូវឡើងពណ៌ជាខ្មៅពិបាកធ្វើដំណើរ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត












