រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឯកឧត្តម ទៀ សីហា៖ កងយោធពលខេមរភូមិន្ទ ក្លាយជាឆ្អឹងខ្នង និងខឿនការពារជាតិដ៏រឹងមាំក្នុងកិច្ចការពារបូរណភាពទឹកដី

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានថ្លែងថា កងយោធពលខេមរភូមិន្ទ បានក្លាយជាឆ្អឹងខ្នង និងខឿនការពារជាតិដ៏រឹងមាំ ក្នុងកិច្ចការពារនូវអធិបតេយ្យ និងបូរណភាពទឹកដី សុខសន្តិភាព ស្ថិរភាពនយោបាយ និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជាទាំងមូល នាឱកាសខួបអនុស្សាវរីយ៍លើកទី៧២ ទិវាកំណើតកងយោធពលខេមរភូមិន្ទ និងទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣-ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេង របស់កងយោធពលខេមរភូមិន្ទ ដែលសម្រេចបានកន្លងមក ជាពិសេសក្នុងកិច្ចការពារជាតិមាតុភូមិ ការអនុវត្តបានយ៉ាងខ្ជាប់ខ្ជួន នូវបទបញ្ជារបស់ថ្នាក់ដឹកនាំ ប្រកបដោយភាពអង់អាចក្លាហាន់ តស៊ូ ប្តូរផ្តាច់ ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង និងការប្ដេជ្ញាចិត្តខ្ពស់ ត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រយុទ្ធការពារឯករាជ្យភាព និងបូរណភាពទឹកដីរបស់យើងរហូត ដល់ដង្ហើមចុងក្រោយ។

នាយឧត្តមសេនីយ៍ ទៀ សីហា បានគូសបញ្ជាក់ថា ក្រោមស្មារតីដ៏អង់អាចក្លាហាន ការប្តេជ្ញាចិត្តដ៏មុតស្រួចនេះ កងយោធពលខេមរភូមិន្ទ បានក្លាយជាឆ្អឹងខ្នង និងជាខឿនការពារជាតិដ៏រឹងមាំ ក្នុងកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី សុខសន្តិភាព ស្ថិរភាពនយោបាយ និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជន។

ឯកឧត្តមនាយឧត្តមសេនីយ៍ បានបន្ថែមទៀតថា កងយោធពលខេមរភូមិន្ទបានចូលរួម អនុវត្តប្រកបដោយប្រសិទ្ធភាព នូវភារកិច្ចអន្តរជាតិ លើវិស័យមនុស្សធម៌ បំពេញបេសកកម្ម ជាកងកម្លាំងរក្សាសន្តិភាព ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ ដើម្បីបុព្វហេតុសន្តិភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិល្អ ដែលជាមោទនភាព និងជាកិត្តិយសដ៏ឧត្តុង្គឧត្តម របស់កងយោធពលខេមរភូមិន្ទ ក៏ដូចជាប្រជាជាតិកម្ពុជាទាំងមូល ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រពីមុនមក និងបានធ្វើឱ្យកិត្យានុភាពរបស់ព្រះរាជាណាចក្រកម្ពុជា កាន់តែល្បីរន្ទឺនៅលើឆាកអន្តរជាតិជាដើម។

ក្នុងឱកាសនេះដែរ ប្រមុខការពារជាតិកម្ពុជា ក៏បានសម្តែងនូវការគោរព ដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលីជីវិតក្នុងបុព្វហេតុ ការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា តាំងពីអតីតកាលរហូតដល់បច្ចុប្បន្ន ជាពិសេសក្នុងជម្លោះព្រំដែនកម្ពុជា-ថៃផងដែរ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…