រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជាប្រាប់ភាគីថៃថា ចម្ការមីនភាគច្រើនតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដែលបន្សល់ទុកពីជំនាន់សង្គ្រាមស៊ីវិលកម្ពុជារយៈជិត៣០ឆ្នាំមកហើយ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

រាជរដ្ឋាភិបាលកម្ពុជា បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសេចក្ដីរាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយជាច្រើន ដកស្រង់សំដីរបស់ថ្នាក់ដឹកនាំថៃ ដែលបង្ហាញថាប្រទេសថៃបានផ្អាកការអនុវត្តនូវសេចក្ដីថ្លែងការណ៍រួមរវាងនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ដែលត្រូវបានចុះហត្ថលេខា ដោយមានវត្តមានរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន ធ្វើជាសាក្សី នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

សេចក្ដីរាយការណ៍ព័ត៌មានទាំងនេះក៏បានឱ្យដឹងដែរថា ព្រឹត្តិការណ៍ផ្ទុះមីននៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបានធ្វើឱ្យទាហានថៃបីនាក់រងរបួសនៅព្រំដែនកម្ពុជា-ថៃ ត្រង់តំបន់ភ្នំទ្រព្យ ស្ថិតជិតប្រាសាទព្រះវិហាររបស់កម្ពុជា ត្រូវបានលើកឡើងថាជាមូលហេតុនៃការផ្អាកអនុវត្តសេចក្តីថ្លែងការណ៍រួម ខាងលើនេះ រួមទាំងការលុបចោលគម្រោងដោះលែងយោធិនខ្មែរ ១៨រូប ពីការឃុំឃាំងនៅប្រទេសថៃ ដែលភាគីថៃបានប្រកាសថានឹងអនុវត្តនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។

រាជរដ្ឋាភិបាលកម្ពុជា បានបដិសេធយ៉ាងដាច់អហង្ការចំពោះរាល់ការចោទប្រកាន់របស់ប្រទេសថៃ ថាកម្ពុជាបានដាក់មីនថ្មីនៅតាមព្រំដែនជាមួយប្រទេសថៃ។ វាជាការសំខាន់ដែលត្រូវកត់សម្គាល់ពីការដឹងឮ យ៉ាងសុះសាយនូវការពិតថា ចម្ការមីនភាគច្រើនតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដែលបន្សល់ទុកពីជំនាន់សង្គ្រាមស៊ីវិលកម្ពុជារយៈជិត៣០ឆ្នាំ ក្នុងទសវត្សរ៍ ១៩៧០ និង១៩៨០ មិនទាន់ត្រូវបានបោសសម្អាតនៅឡើយទេ ដោយសារតែភូមិសាស្ត្រលំបាក និងស្ថានភាពមិនទាន់មានការកំណត់ខណ្ឌសីមាព្រំដែន។

រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មីថា កម្ពុជានៅតែប្តេជ្ញាអនុវត្តសេចក្ដីថ្លែងការណ៍រួម ដែលត្រូវបានចុះហត្ថលេខាជាមួយនិងការសាទរយ៉ាងខ្លាំងក្លាពីសហគមន៍អន្តរជាតិ។ ក្នុងនាមជាប្រទេសដែលបានគាំទ្រយ៉ាងមុតមាំ និងជារដ្ឋភាគីនៃអនុសញ្ញាហាមឃាត់មីនប្រឆាំងមនុស្ស កម្ពុជាមិនដែលបានប្រើប្រាស់ ហើយក៏នឹងមិនប្រើប្រាស់មីនថ្មីឡើយ៕

ទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…