រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា លើកកង្វល់ជូនយូណេស្កូ ស្តីពីការសាងសង់ចម្លងប្រាសាទអង្គរវត្តរបស់ប្រទេសជិតខាង

KPS99TV

សេចក្តីសង្ខេប

រដ្ឋមន្ត្រីវប្បធម៌បានលើកកង្វល់អំពីការចម្លងអង្គរវត្ត និងស្នើការវាយតម្លៃការខូចខាតព្រះវិហារ ក្នុងជំនួបជាមួយអគ្គនាយកយូណេស្កូ នៅប៉ារីស ថ្ងៃទី២៦ វិច្ឆិកា។

លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងពីកង្វល់របស់កម្ពុជា ជម្រាបជូនឯកឧត្តម Khaled Ahmed El-Enany Ali Ezz អគ្គនាយកអង្គការយូណេស្កូ ចំពោះការសាងសង់ចម្លងប្រាសាទអង្គរវត្តរបស់ប្រទេសជិតខាង។ រដ្ឋមន្រ្តីក៏បានអំពាវនាវឱ្យមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក និងក្រុមប្រឹក្សាអ្នកច្បាប់នៃអង្គការយូណេស្កូ សិក្សាពិនិត្យលើយន្តការគតិយុត្តនានា ដែលទាក់ទងនឹងស្មារតីអនុសញ្ញាឆ្នាំ ១៩៧០ និង ១៩៧២ ដើម្បីទប់ស្កាត់បញ្ហានេះឱ្យមានប្រសិទ្ធភាព។

ការលើកឡើងនេះ បានធ្វើឡើងក្នុងឱកាសដែល លោកជំទាវបណ្ឌិតសភាចារ្យ ដឹកនាំគណៈប្រតិភូកម្ពុជាចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយអគ្គនាយកអង្គការយូណេស្កូ នៅទីស្នាក់ការកណ្តាល ក្នុងទីក្រុងប៉ារីស កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្នុងឱកាសជំនួបនេះ លោកជំទាវបណ្ឌិតសភាចារ្យ បានអបអរសាទរដល់ឯកឧត្តម Khaled Ahmed El-Enany Ali Ezz ឱ្យទទួលតំណែងជាអគ្គនាយកថ្មីរបស់អង្គការយូណេស្កូ បន្ទាប់ពីទទួលបានការជ្រើសតាំងដោយអង្គមហាសន្និបាតលើកទី៤៣។ រដ្ឋមន្រ្តីក៏បានលើកឡើងអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងនាមជារដ្ឋសមាជិក ដែលបន្តសហការ អនុវត្តកម្មវិធី និងគោរពតាមគោលការណ៍សំខាន់ៗរបស់អង្គការយូណេស្កូ។

កិច្ចសហការរវាងកម្ពុជា និងអង្គការយូណេស្កូ ត្រូវបានលើកឡើងថា បានក្លាយជាកិច្ចសហការដែលទទួលបានជោគជ័យ នាពេលកន្លងមក ដោយមានទាំងការគាំទ្រជំនួយបច្ចេកទេសសម្រាប់គម្រោងអាយស៊ីស៊ី អង្គរ សំបូរព្រៃគុក ព្រះវិហារ និងវិស័យផ្សេងៗទៀត ដើម្បីការពារ លើកតម្លៃ និងអភិរក្សបេតិកភណ្ឌរូបី និងអរូបី។

លើសពីនេះ លោកជំទាវបណ្ឌិតសភាចារ្យ បានលើកឡើងពីលទ្ធភាពបញ្ជូនអ្នកជំនាញរបស់អង្គការយូណេស្កូ ចុះពិនិត្យ និងវាយតម្លៃដោយឯករាជ្យអំពីការខូចខាតមកលើប្រាសាទព្រះវិហារ ដែលបានកើតឡើងដោយសារការប៉ះទង្គិចតាមព្រំដែននាពេលកន្លងមក។

ឯកឧត្តម អគ្គនាយកយូណេស្កូ បានផ្តល់ការទទួលស្វាគមន៍យ៉ាងកក់ក្ដៅដល់គណៈប្រតិភូកម្ពុជា និងបានកោតសរសើរកម្ពុជាថា ជារដ្ឋសមាជិកដែលបានបន្តកិច្ចសហការយ៉ាងសកម្មនិងមានប្រសិទ្ធភាពជាមួយអង្គការយូណេស្កូ។ ឯកឧត្តមក៏បានបញ្ជាក់ពីការបន្តគាំទ្រការងារជាក់ស្តែង និងពិនិត្យលើបញ្ហាដែលកម្ពុជាបានលើកឡើងក្នុងកិច្ចជំនួបនេះ៕

ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…