រយៈពេល១១ខែក្នុងឆ្នាំ២០២៥ ភ្ញៀវទេសចរអន្តរជាតិសរុបចំនួន ៨៦៧,១៩៥នាក់ បានចូលទិញសំបុត្រទស្សនារមណីយដ្ឋានអង្គរ ដែលជាកត្តានាំឱ្យរដ្ឋរកចំណូលបានសរុប ៤០,៤៨០,៩៤៥ដុល្លារ។ នេះបើតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ដែលគ្រប់គ្រងការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ នៅថ្ងៃទី០១ ខែធ្នូនេះ។
បើតាមគ្រឹះស្ថានអង្គរ ចាប់ពីខែមករាដល់ខែវិច្ឆិកា ការលក់សំបុត្រចូលទស្សនានៅតំបន់អង្គរ រកចំណូលបានសរុប ៤០ ៤៨០ ៩៤៥ ដុល្លារ ថយចុះជាង ៣%។ ទេសចរដែលទិញសំបុត្រសរុបមានចំនួន ៨៦៧ ១៩៥ នាក់ ថយចុះជាង ៣%ផងដែរ។
ដោយឡែក នៅក្នុងខែវិច្ឆិកា ការលក់សំបុត្រនេះជូនដល់ភ្ញៀវទេសចរសរុបចំនួន ១០១ ៦៧៧ នាក់ ស្មើនឹង ៤ ៩០៥ ១៦៤ ដុល្លារ ថយចុះជាង ១៧%។ ចំណែកថវិកាដែលបានដកចូលក្នុងការឧបត្ថម្ភមូលនិធិ គន្ធបុប្ផាកម្ពុជា រយៈពេល១១ខែ ក្នុងឆ្នាំ២០២៥ មានចំនួន ១ ៧៣៤ ៣៩០ ដុល្លារ៕
ទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត











