ថ្មីៗនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ថៃបានប្រកាសក្នុងសន្និសីទសារព័ត៌មានថា ប្រតិបត្តិការរួមជាមួយស្ថាប័នជាច្រើនបានចាប់ខ្លួនជនសង្ស័យជនជាតិចិន៣នាក់ ដែលមានដីកាតាមចាប់ខ្លួន។ កន្លងមក ស្ថានទូតចិនប្រចាំប្រទេសថៃបានផ្ដល់តម្រុយ និងស្នើឱ្យថៃជួយស៊ើបរកក្រុមដែលសង្ស័យថាបានប្រើការផ្ដល់ការងារជាលេស ល្បួងពលរដ្ឋចិនទៅប្រទេសមីយ៉ាន់ម៉ានិងកម្ពុជា ដើម្បីចូលរួមក្នុងការឆបោកតាមអនឡាញ។ នគរបាលចិនបានស៊ើបអង្កេតករណីនេះជាយូរមកហើយ។ តាមសេចក្ដីរាយការណ៍ អ្នករងគ្រោះជាច្រើនត្រូវបានល្បួងដោយការសន្យាក្លែងក្លាយថាជួយធ្វើបណ្ណឥណទាននៅបរទេស ហើយត្រូវបាននាំទៅមូលដ្ឋានឆបោកនៅក្រៅប្រទេសដោយខុសច្បាប់ និងបង្ខំឱ្យចូលរួមប្រព្រឹត្តបទល្មើស។



ការស៊ើបអង្កេតបានចោទថា ក្រុមនេះចាប់ផ្ដើមធ្វើសកម្មភាពតាំងពីចុងឆ្នាំ២០២៤ ដោយមានបុរសចិន២នាក់ជាអ្នកដឹកនាំស្នូល។ អន្តរការីបានជួយនាំអ្នករងគ្រោះឆ្លងដែនខុសច្បាប់ រួចបញ្ជូនពួកគេទៅកន្លែងឆបោកតាមអនឡាញនៅបរទេស។ តាមតួលេខរបស់នគរបាលចិន មានអ្នករងគ្រោះលើស១០០នាក់ និងការខាតបង់សរុបលើស១លានយ័ន។ កន្លងមក នគរបាលចិនបានចាប់ខ្លួនអ្នកពាក់ព័ន្ធជាច្រើននាក់នៅក្នុងប្រទេស និងបានចេញដីកាចាប់ខ្លួនជាផ្លូវការចំពោះសមាជិកដែលរត់គេចទៅក្រៅប្រទេស។



ផ្អែកលើព័ត៌មានពីភាគីចិន អគ្គនាយកដ្ឋានអន្តោប្រវេសន៍ថៃបានតាមដាន និងបញ្ជាក់ថា ជនសង្ស័យជាអ្នកដឹកនាំ២នាក់បានចូលប្រទេសថៃដោយទិដ្ឋាការទេសចរណ៍នៅខែមិថុនា និងខែកញ្ញានៃឆ្នាំនេះរៀងៗខ្លួន ហើយលាក់ខ្លួនក្នុងអគារស្នាក់នៅផ្សេងៗគ្នានៅបាងកក។ ក្រោយការតាមដាន សមត្ថកិច្ចបានចាប់ខ្លួនពួកគេ និងរកឃើញស្ត្រីជនជាតិចិនម្នាក់ទៀតដែលពាក់ព័ន្ធនឹងករណីនេះ។ ការផ្ទៀងផ្ទាត់បានបង្ហាញថា នាងក៏ជាមុខសញ្ញាត្រូវតាមចាប់របស់ស្ថាប័នយុត្តិធម៌ចិនដែរ។ នគរបាលថៃបានបញ្ជាក់ថា ជនសង្ស័យទាំង៣ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរអន្តោប្រវេសន៍តាមច្បាប់ ហើយនឹងបន្តសហការជាមួយចិន ដើម្បីប្រគល់ពួកគេទៅចិនចាត់ការតាមនីតិវិធី។
ស្ថានីយរបស់យើងចងក្រងព័ត៌មាន






