ក្រុមចាប់បង្ខាំងនិងធ្វើទារុណកម្មមនុស្សខុសច្បាប់ចំនួន ៨នាក់ ត្រូវបានកម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌសហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងស្រាវជ្រាវឈានដល់ការឃាត់ខ្លួន និងរំដោះជនរងគ្រោះបាន៦នាក់។ តាមរបាយការណ៍របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រុមជនសង្ស័យដែលឃាត់ខ្លួនមានជនជាតិចិន ២នាក់ និងជនជាតិមីយ៉ាន់ម៉ា ៦នាក់ ខណៈជនរងគ្រោះជាជនជាតិចិន ៦នាក់ត្រូវបានរំដោះ បន្ទាប់ពីកម្លាំងជំនាញធ្វើការស្រាវជ្រាវតាមនីតិវិធី ដោយកំណត់បានទីតាំងដែលក្រុមជនសង្ស័យយកជនរងគ្រោះទៅបង្ខាំង និងធ្វើទារុណកម្ម។
គួររំលឹកថា កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង០០និង៥៥នាទី មានជនសង្ស័យ១ក្រុមជាជនជាតិចិន បានធ្វើសកម្មភាពចាប់បុរសជនជាតិចិនម្នាក់ដាក់ចូលក្នុងរថយន្ត១គ្រឿង ម៉ាក RANGE ROVER ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2CD-8488 ចេញពីចំណុចផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ក្រោយពីមានហេតុការណ៍នេះ កម្លាំងជំនាញបានសហការស្រាវជ្រាវរហូតឈានដល់ការបង្ក្រាប និងឃាត់ខ្លួនក្រុមជនសង្ស័យខាងលើ រួមទាំងវត្ថុតាងប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីអនុវត្តនីតិវិធីបន្ត៕
ទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត



















