រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

គណៈប្រតិភូអន្តរក្រសួងចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារថែទាំប្រចាំផ្លូវ១៥ខ្សែប្រវែង៩៨,២០០ម៉ែត្រនៅខេត្តកំពត

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

រដ្ឋលេខាធិការ សៅ ជីវ័ន្ត ដឹកនាំគណៈប្រតិភូពិនិត្យការថែទាំផ្លូវ១៥ខ្សែ ប្រវែង៩៨,២០០ម៉ែត្រ នៅកំពត រួមមាន DBST ១ខ្សែ និងផ្លូវក្រួសក្រហម១៤ខ្សែ។

ឯកឧត្តម សៅ ជីវ័ន្ត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបានដឹកនាំគណៈប្រតិភូអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារថែទាំប្រចាំផ្លូវ១៥ខ្សែ ប្រវែងសរុប ៩៨,២០០ម៉ែត្រ ក្នុងនោះរួមមាន ផ្លូវក្រាលកៅស៊ូពីរជាន់(DBST) ១ខ្សែ ប្រវែង៤,៨០០ម៉ែត្រ ស្ថិតនៅក្នុងឃុំព្រៃឃ្មុំ ស្រុកទឹកឈូ និងផ្លូវក្រាលក្រួសក្រហមចំនួន១៤ខ្សែ ប្រវែងសរុប៩៣,៤០០ម៉ែត្រ ស្ថិតនៅស្រុកជុំគិរី ស្រុកឈូក ស្រុកដងទង់ ស្រុកទឹកឈូ ស្រុកអង្គរជ័យ និងស្រុកបន្ទាយមាស ខេត្តកំពត។

នាឱកាសនោះលោក ហ៊ សូរិន  ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពតបានធ្វើរាយការណ៍អំពីវឌ្ឍនភាពរបស់មន្ទីរក្នុងការងាររថែទាំប្រចាំខ្សែផ្លូវទាំង១៥ខ្សែ សម្រេចបានលទ្ធផលបាន១០០% ដែលមន្ទីរអនុវត្តបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។ 

លោកប្រធានមន្ទីរក៏បានលើកឡើងអំពីសារៈប្រយោជន៍ដែលប្រជាពលរដ្ឋទទួលបានពីផ្លូវទាំង១៥ខ្សែនេះ ដែលជួយសម្រួលដល់ការធ្វើចរាចរទៅមក ដឹកជញ្ជូនផលិតផលកសិកម្ម និងកសិឧស្សាហកម្ម ពិសេសការធ្វើដំណើររបស់សិស្សានុសិស្សទៅរៀន ការដឹកអ្នកជម្ងឺមកកាន់មណ្ឌលសុខភាពបានលឿនទាន់ពេលវេលា។ 

ក្នុងឱកាសនៃការចុះត្រួតពិនិត្យផ្លូវទាំ១៥ខ្សែនេះដែរ ឯកឧត្តម សៅ ជីវ័ន្ត រដ្ឋលេខាធិការ ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំបំពេញការងាររបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងបានធ្វើការផ្តាំផ្ញើរដល់មន្ទីអភិវឌ្ឍន៍ខេត្ត សូមធ្វើការត្រួតពិនិត្យលើការងារថែទាំផ្លូវខាងលើឱ្យបានល្អ ដើម្បីធានាគុណភាព សោភ័ណភាព និងសុវត្ថិភាព និងត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការណែនាំដល់ប្រជាពលរដ្ឋឱ្យចូលរួមថែរក្សាផ្លូវទាំងនេះ  ពិសេសហាមឃាត់មិនឱ្យមានការដឹកលើសទម្ងន់កំណត់ ដើម្បីរក្សាបាននូវគុណភាពផ្លូវឱ្យការប្រើប្រាស់គង់វង្សបានយូរអង្វែង ពោលធ្វើយ៉ាងណាឲ្យពលរដ្ឋយល់ថា ផ្លូវទាំងនេះគឺជាទ្រព្យសម្បតិ្តរួមរបស់គាត់ទាំងអស់គ្នា៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…