ជារឿងដ៏អាប់ឱនសម្រាប់ក្រុមកីឡា Esports ជម្រើសជាតិថៃ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ បន្ទាប់ពីកីឡាការិនី ណាផាត់ វ៉ារ៉ាស៊ីន (Naphat Warasin) ឬស្គាល់ថាជា Tokyogurl ត្រូវគេរកឃើញថា បានប្រើប្រាស់ឧបករណ៍ជំនួយខុសច្បាប់ អំឡុងការប្រកួត Arena of Valor (RoV) ផ្នែកក្រុមនារី ទល់នឹងក្រុមនៃជម្រើសជាតិវៀតណាម កាលពីថ្ងៃទី១៥ ខែធ្នូនេះ។
គណៈកម្មាធិការរៀបចំការប្រកួត SEA Games (SEAGOC) បានបញ្ជាក់តាមរយៈលិខិតផ្លូវការណ៍មួយទៅកាន់គណៈកម្មាធិការអូឡាំពិកជាតិថៃថា នាង វ៉ារ៉ាស៊ីន បានបំពានមាត្រា ៩.៤.៣ ក្នុងសៀវភៅណែនាំបច្ចេកទេស Esports។ បន្ទាប់ពីការស៊ើបអង្កេតពេញលេញ និងរកឃើញភស្តុតាងជាក់លាក់ កីឡាការិនីរូបនេះ ត្រូវគេបណ្ដេញចេញទាំងស្រុងពីការប្រកួត Esports ក្នុងព្រឹត្តិការណ៍ SEA Games ហើយនេះគឺជាការសម្រេចចិត្តចុងក្រោយ និងត្រឹមត្រូវបំផុត។
ទន្ទឹមនឹងនោះ ក្រុម TALON TH ដែលជាក្រុមរបស់ Tokyogurl បានប្រកាសថា តួនាទីរបស់កីឡាការិនីរូបនេះ រួមជាមួយក្រុមត្រូវបានបិទបញ្ចប់ភ្លាមៗចាប់ពីថ្ងៃទី១៦ ខែធ្នូម្សិលម៉ិញនេះតទៅ។
យ៉ាងណាក៏ដោយ សហព័ន្ធ Esports ថៃ (TESE) បានចេញសេចក្ដីថ្លែងការណ៍ទទួលយកការសម្រេចចិត្តនេះ ហើយបានប្ដេជ្ញាធ្វើការត្រួតពិនិត្យផ្ទៃក្នុងដើម្បីពង្រឹងបទដ្ឋានសីលធម៌ និងបច្ចេកទេសសម្រាប់កីឡាករ ដោយមានគោលបំណងទប់ស្កាត់រឿងហេតុស្រដៀងគ្នានេះនៅពេលក្រោយ។
សូមជម្រាបដែរថា ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ នៅប្រទេសថៃនេះ ហាក់ពុំបានត្រៀមខ្លួនរាល់សម្រាប់ទទួលភ្ញៀវ និងរៀបចំប្រភេទកីឡាប្រគួតនៅឡើយ ព្រោះថាចាប់តាំងពីថ្ងៃបើករហូតមកដល់ពេលនេះ អន្តរជាតិកត់សម្គាល់ឃើញថា ការរៀបចំតែងតែមានកុំហុសជាញឹកញាប់មិនចេះចប់ ខណៈបណ្តាក្រុមជម្រើសជាតិផ្សេងៗបានបង្ហាញការមិនពេញចិត្តសោះឡើយ៕
ដោយ៖ ចិន្តា ទីទិ









