រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អ្វីទៅជា «តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន»!

KPS99TV

សេចក្តីសង្ខេប

វេទិកានិពន្ធនាយកលើកទី២២គ្រោងធ្វើថ្ងៃទី១៩ ខែធ្នូ ក្រោមប្រធានបទតួនាទីអ្នកសារព័ត៌មានពេលជម្លោះព្រំដែន ដោយអញ្ជើញអ្នកគ្រប់គ្រងនិងអ្នកទទួលខុសត្រូវព័ត៌មានជិត២០០នាក់ និងវាគ្មិនមានបទពិសោធន៍។

តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន គឺជាប្រធានបទនៃវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា (វ.ន.ស.ក) លើកទី២២ ដែលនឹងត្រូវរៀបចំធ្វើនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ខាងមុខនេះ។

វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា គឺជាវេទិកាប្រចាំឆ្នាំដ៏ធំរបស់ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) ដោយបានលើកយកប្រធានបទសំខាន់ៗទាក់ទងនឹងបច្ចុប្បន្នភាព ដើម្បីផ្តល់ឱកាសដល់នាយកគ្រប់គ្រង និពន្ធនាយក ឬអ្នកដឹកនាំស្ថាប័នសារព័ត៌មានគ្រប់ទម្រង់បានជជែកពិភាក្សា ផ្លាស់ប្តូរយោបល់ និងសម្រេចចេញសេចក្តីថ្លែងការណ៍រួមមួយដែលឆ្លុះបញ្ចាំងពីឆន្ទៈ និងការប្តេជ្ញាចិត្តរបស់ពួកគេក្នុងដំណើររួមគ្នាឆ្ពោះទៅការលើកកម្ពស់សេរីភាពរបស់អ្នកសារព័ត៌មានក្នុងពេលមានជម្លោះព្រំដែន។

ការលើកយកប្រធានបទខាងលើមកពិភាក្សាគឺដើម្បីផ្តល់នូវចំណេះដឹង និងបទពិសោធន៍បន្ថែម ក៏ដូចជាការពង្រឹងស្មារតីទទួលខុសត្រូវលើអត្ថបទព័ត៌មាន ការផ្ទៀងផ្ទាត់ព័ត៌មាន និងពាក្យពេចន៍មុននឹងផ្សព្វផ្សាយព័ត៌មានដែលទាក់ទងនឹងជម្លោះ ជូនដល់សាធារណជនជាតិ និងអន្តរជាតិ ដោយចៀសវាងព័ត៌មានក្លែងក្លាយ ឬព័ត៌មានដែលនាំឲ្យប៉ះពាល់ដល់សន្តិសុខជាតិ ការបញ្ឆេះកំហឹងជាតិសាសន៍ ក៏ដូចជាព័ត៌មានបង្កឲ្យជម្លោះកាន់តែរីករាលដាលជាដើម។

វ.ន.ស.ក ក៏នឹងមានការអំពាវនាវផងដែរដល់អ្នកសារព័ត៌មានអន្តរជាតិទាំងអស់ឲ្យមកយកព័ត៌មានដោយផ្ទាល់ និងផ្សព្វផ្សាយព័ត៌មានពិត ត្រឹមត្រូវមានតុល្យភាព និងមានទំនួលខុសត្រូវតាមវិជ្ជាជីវៈដើម្បីរួមចំណែកកាត់បន្ថយភាពតានតឹង និងឈានទៅបញ្ឈប់សង្រ្គាមកម្ពុជា-ថៃ។

អ្នកគ្រប់គ្រងស្ថាប័នសារព័ត៌មាន និពន្ធនាយក និពន្ធនាយករង និងអ្នកទទួលខុសត្រូវក្នុងការផ្សព្វផ្សាយព័ត៌មានជិត២០០នាក់ និងវាគ្មិនដៃលមានបទពិសោធន៍លើវិស័យសារព័ត៌មាននឹងត្រូវបានអញ្ជើញចូលរួមក្នុងវេទិកានិពន្ធនាយកសារព័ត៌មានលើកទី២២ នេះ៕

ប្រភព៖ ក្លិបអ្នកកាសែតកម្ពុជា

ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…