រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រសួងព័ត៌មានផ្ដោតសំខាន់លើការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ នៅក្នុងកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ក្នុងនាមជាម្ចាស់ផ្ទះ

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទ្ធកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit)ហៅកាត់ថា AMS នៅលើទឹកដីអង្គរ ខេត្តសៀមរាប នាចុងខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះក្រោមប្រធានបទ "អបអរសាទរពីរទសវត្សរ៍នៃឧត្តមភាព & លើសពីនេះ" ដែលមានអ្នកសារព័ត៌មានចូលរួម មកពីសមាជិតចំនូន ៥០ប្រទេសនៅទូទាំងពិភពលោក និងដៃគូកិច្ចសហប្រតិបត្តិការ ព្រមទាំងអង្គការអន្តរជាតិដែលចូលរួមជាមួយប្រព័ន្ធផ្សព្វផ្សាយ ផងដែរ។

សន្និសីទកំពូលសារព័ត៌មានអាស៊ីហៅកាត់ថា AMS គឺជាការជួបជុំគ្នារបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញៗនៃប្រព័ន្ធផ្សព្វផ្សាយ ដែលបានធ្វើឡើងជារៀងរាល់ឆ្នាំ ដោយកិច្ចប្រជុំលើកទី១នៅប្រទេសម៉ាឡេស៊ី។ សម្រាប់កិច្ចប្រជុំលើកទី២០នេះ ក្នុងនាមជាម្ចាស់ផ្ទះក្រសួងព័ត៌មាននឹងផ្ដោតសំខាន់ទៅលើ ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។

នេះជាលើកទី២ហើយដែលប្រទេសកម្ពុជាមាន កិត្តិយសដ៏ខ្ពង់ខ្ពស់បានទទួលធ្វើជាម្ចាស់ផ្ទះ សន្និសីទកំពូលសារព័ត៌មានអាស៊ីហៅកាត់ថាAMSលើកទី២០។ ឯកឧត្ដម ប៉ាង ណាត អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានអចិន្ត្រៃយ៍លេខាធិការដ្ឋានរៀបចំសន្និសីទកំពូល AMS លើកទី២០បានមានប្រសាសន៍នៅក្នុងកម្មវិធីសន្ទនាមតិជីវិតយើងសង្គមយើងរបស់វិទ្យុជាតិកម្ពុជា ថា សន្និសីទកំពូលសារព័ត៌មានអាស៊ីគឺជាការប្រជុំជារៀងរាល់ឆ្នាំរបស់ផលិតករព័ត៌មាន រួមមានវិទ្យុ ទូរទស្សន៍ កាសែត អ្នកផលិតសំភារៈប្រព័ន្ធព័ត៌មាននិងអ្នកពាក់ព័ន្ធមួយចំនួនទៀត

នេះជាមោទនភាពមួយសម្រាប់ប្រទេសកម្ពុជាយើងដែលត្រូវបានវិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ីប៉ាស៊ីហ្វិក AIBD បានអនុញ្ញាតឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកទី២ ព្រោះ ដោយសារប្រទេសកម្ពុជាមានសក្ដានុពលគ្រប់គ្រាន់នៅក្នុងកិច្ចប្រជុំនេះ។ឯកឧត្ដម ប៉ាង ណាត បញ្ជាក់ថា៖ ទី១ គឺការរីកចម្រើនលើប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសដែលគេទទួលស្គាល់ថាមាន ការរីកចម្រើន ។ ទី២ សក្ដានុពលរីកចម្រើន មានលទ្ធភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ។ ទី៣ ប្រទេសដែលមានសក្ដានុពលទេសចរណ៍ វប្បធម៌ និងទី៤ គឺយើងមានលទ្ធភាពនឹងពិភាក្សា ផ្លាស់ប្ដូរបទពិសោធន៍ គំនិត លើប្រធានបទណាមួយ ក្នុងប្រព័ន្ធផ្សព្វផ្សាយ ចឹងលទ្ធភាពទាំងអស់នេះហើយ ពេលដែល AIBD គាត់ពិនិត្យទៅលក្ខណៈសម្បត្តិទាំងអស់នេះ គាត់នឹងផ្ដល់ជូនទៅ ប្រទេសណាមួយធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្ដមអនុរដ្ឋលេខាធិការក្រសួងព័ត៌មានបានមានប្រសាសន៍លើកឡើងទៀតថា ក្នុងនាម ជាម្ចាស់ផ្ទះ កម្ពុជានឹងលើកយកបញ្ហាព័ត៌មានក្លែងក្លាយ ដែលជាបញ្ហាប្រឈមសកល មកពិភាក្សា យ៉ាងស៊ីជម្រៅ ក្នុងការស្វែងរកដំណោះស្រាយ និងយន្តការរួមគ្នាដើម្បីបង្កើនការយល់ដឹងជាសាធារណៈនិងធានាសន្តិភាពសង្គម។

តាមរយៈព្រឹត្តិការណ៍ AMSលើកទី២០នេះប្រទេសកម្ពុជានឹងទទួលបានកំណើនភ្ញៀវទេសចរកាន់តែច្រើន ព្រោះថានៅក្នុងព្រឹត្តិការណ៍នេះ សុទ្ធតែជា ថ្នាក់ដឹកនាំ អន្តរជាតិនិងអ្នកសារព័ត៌មានបរទេសជាច្រើន មកពីប្រទេសជិត៥០ប្រទេសនឹងបានឃើញនូវទិដ្ឋភាពដ៏អស្ចារ្យនៃប្រាង្គប្រាសាទបុរាណខ្មែរ ស្ថិតក្នុងខេត្តសៀមរាប។ ឯកឧត្ដម ប៉ាង ណាត អនុរដ្ឋលេខាធិការបានលើក ឡើងថា នេះឱកាសដ៏ល្អសម្រាប់ប្រទេសយើងក្នុងការផ្សព្វផ្សាយអំពីសក្ដានុពលរបស់ខ្លួនជាពិសេសវិស័យទេសចរណ៍។

កិច្ចប្រជុំសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី២០នឹងចាប់ផ្ដើមពីថ្ងៃទី២១ដល់ ថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខា នៃខេត្តសៀមរាប។នៅក្នុងសន្និសីទកំពូលសារព័ត៌មានអាស៊ី(AMS)លើកទី២០នេះ បណ្តារដ្ឋមន្រ្តីព័ត៌មានទំាងអស់នឹងលើកជាយន្តការនានាដើម្បីដោះស្រាយបញ្ហាព័ត៌មានក្លែងក្លាយឬព័ត៌មានមិនពិតដែលបង្កឡើងដោយពួកក្រុមទុច្ចរិត ព្រោះការប្រយុទ្ធប្រឆំាងព័ត៌មានមិនពិតនេះមានសារៈសំខាន់ណាស់ ដើម្បី ទប់ស្កាត់បញ្ហាអសន្តិសុខនិងភាពវឹកវរក្នុងសង្គមបានទាន់ពេលវេលាខណៈដែលព័ត៌មានក្លែងក្លាយបាននឹងវាយលុកច្រើនឡើងៗពី១ថ្ងៃទៅមួយថ្ងៃ។

ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី២០នៅខេត្តសៀមរាប កម្ពុជាមានគោលដៅសំខាន់ៗជាច្រើនដូចជា៖

១.លើកកម្ពស់មុខមាត់ជាតិ និងវិស័យទេសចរណ៍ និងវប្បធម៌ ។

២.ពង្រឹងកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ និងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ

៣. ផ្លាស់ប្ដូរបទពិសោធន៍ និងការអភិវឌ្ឍវិស័យប្រព័ន្ធផ្សព្វផ្សាយ និងទី៤. លើកកម្ពស់តួនាទីប្រព័ន្ធផ្សព្វ ផ្សាយក្នុងការអភិវឌ្ឍ និងការឆ្លើយតបគ្រោះមហន្តរាយ។

គួររម្លឹកដែរថា សន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី១៩ បានប្រារព្ធធ្វើឡើងនៅដើមខែកញ្ញា ឆ្នាំ២០២៤ នាទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ហើយឯកឧត្ដមរដ្ឋមន្ត្រី នេត្រ ភក្រ្តា បានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន អញ្ជើញចូលរួមផងដែរ។

កាលពីឆ្នាំ២០១៩កន្លងមកព្រះរាជាណាចក្រកម្ពុជាក៏ទទួលបានធ្វើជាម្ចាស់ផ្ទះសន្និសីទកំពូលសារព័ត៌មានអាស៊ី លើកទី១៦ ដែលមានអ្នកសារព័ត៌មានចូលរួមប្រមាណជា៥០០នាក់មកពី៥០ប្រទេសនៅទូទាំងពិភពលោក៕

ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…