កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជាតំណាងសម្តេចធិបតីនាយករដ្ឋមន្ត្រី និងឯកឧត្តម FUJII Hisayuki អនុរដ្ឋមន្ត្រីការបរទេសជប៉ុន និងដោយមានការចូលរួមពីគណៈប្រតិភូអន្តរក្រសួងកម្ពុជា-ជប៉ុន តំណាងពន្លាជាតិនៃបណ្តាប្រទេសអាស៊ាន និងប្រទេសជាដៃគូ បងប្អូនខ្មែររស់នៅប្រទេសជប៉ុន និងភ្ញៀវជាតិ-អន្តរជាតិប្រមាណ៥០០នាក់។
“កម្មវិធីទិវាជាតិកម្ពុជា” រៀបចំឡើងដើម្បីបង្ហាញទៅកាន់ពិភពលោក នូវសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងសិល្បៈវប្បធម៌ដ៏ផូរផង់របស់កម្ពុជា និងបង្កើនកិត្តិនាមកម្ពុជាក្នុងឆាកអន្តរជាតិ។ ក្នុងនោះ កម្ពុជា បានរៀបចំការសម្តែងផ្ទាំងទស្សនីយសិល្បៈជាច្រើនរួមមាន៖ របាំអប្សរា, ល្ខោនខោល, ឈុតឆាកគុជរី និងគុជរឹង្គ, របាំក្ងោកប៉ៃលីន, របាំព្រះស័ង្គ, របាំគោះត្រឡោក, កម្មវិធីក្បួនដង្ហែរ (National Day’s Parade) ពី The Grand Ring ឆ្ពោះទៅកាន់ពន្លាជាតិកម្ពុជា, កម្មវិធីចុះអនុស្សរណ:នៃការយោគយល់គ្នា, និងពិធីលៀងសាយភោជន៍អបអរសាទរកម្មវិធីទិវាជាតិកម្ពុជា ផងដែរ។
គួរបញ្ជាក់ថា ពិព័រណ៍ពិភពលោក២០២៥ អូសាកា កាន់សៃ ជប៉ុន ប្រព្រឹត្តទៅរយៈពេល ៦ខែ គិតចាប់ពីថ្ងៃទី១៣ ខែមេសា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។ ក្នុងនោះ កម្ពុជាបានជ្រើសរើស “ប្រាសាទកោះកេរ” ជាស្នូលក្នុងការរៀបចំសាងសង់ពន្លាជាតិកម្ពុជា ដែលបច្ចុប្បន្នពន្លាជាតិបានទទួលភ្ញៀវជាតិ-ភ្ញៀវអន្តរជាតិចូលទស្សនាប្រមាណ ៨០ម៉ឺននាក់៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

















