អត្រាកំណើនសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុមាន ៥,៤ភាគរយ និងមានចំណូលប្រចាំឆ្នាំសរុបប្រមាណ ១,៣២០លានដុល្លារអាម៉េរិក និងចំណូលជាមធ្យមសម្រាប់សម្រាប់មនុស្សម្នាក់ (GDP) ក្នុងមួយឆ្នាំមានចំនួន ៤,២៥៦ដុល្លារអាម៉េរិក។ នេះបើតាមរបាយការណ៍ដែលបង្ហាញដោយឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅ។
បើតាមឯកឧត្តម ម៉ាង ស៊ីណេត កំណើនសេដ្ឋកិច្ចនេះ បានបង្ហាញឱ្យឃើញថា ខេត្តព្រះសីហនុ មានការផ្លាស់ប្តូរមុខមាត់យ៉ាងឆាប់រហ័ស តាមរយៈការអភិវឌ្ឍ និងស្តារហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ធ រួមមាន៖ ផ្លូវថ្នល់ ការរៀបចំកែលម្អឆ្នេរសមុទ្រ ទឹកស្អាត អគ្គិសនី ការគ្រប់គ្រងសំណល់រឹងរាវ បន្ទប់ទឹកសាធារណៈ ប្រព័ន្ធលូរំដោះទឹកភ្លៀង ស្ថានីយបូមទឹកកខ្វក់ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់។
ក្រៅពីនេះ ក៏មានការរៀបចំអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រឱ្យមានតូបលក់ដូរស្តង់ដារ ភ្លើងបំភ្លឺសាធារណៈ កាម៉េរ៉ាសុវត្ថិភាព ប៉ុស្តិ៍សន្តិសុខ ការដាំដើមឈើលម្អតាមដងវិថីនានា ការរៀបចំផ្លូវថ្មើរជើង ទីធ្លាចំណត ស្លាកសញ្ញា និងភ្លើងសញ្ញាចរាចរណ៍ ទីលានតេជោ ស្លាកអក្សរ «ខ្មែរធ្វើបាន រួមទាំងរូបបដិមានៅតាមរង្វង់មូលដែលបង្ហាញអំពីវប្បធម៌ អរិយធម៌ ប្រពៃណី និងប្រវត្តិសាស្រ្តជាតិ៕
ដោយ៖ ង៉ែត ពិសាន្ត









