ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រសួងសាធារណការ ចាប់ផ្តើមសិក្សាគម្រោងសង់ស្ពាន តភ្ជាប់រាជធានីភ្នំពេញ-ក្រុងអរិយក្សត្រ

KPS99TV

សេចក្តីសង្ខេប

គម្រោងស្ពានពីកោះនរាទៅក្រុងរណបមេគង្គឃី ក្នុងក្រុងអរិយក្សត្រ ឈានដល់ដំណាក់កាលសិក្សា ដោយមានការពិនិត្យវាយតម្លៃពីក្រសួងនិងភាគីពាក់ព័ន្ធថ្ងៃទី២៨ មករា។

ស្ពានឆ្លងកាត់ទន្លេមេគង្គ ដោយតភ្ជាប់ពីកោះនរា រាជធានីភ្នំពេញ ទៅក្រុងរណបមេគង្គឃី (Koh Norea - Mekong Quay) ក្រុងអរិយក្សត្រ ខេត្តកណ្តាល ឈានដល់ដំណាក់កាលសិក្សាហើយ។ គម្រោងនេះ មានការចូលរួមសិក្សា និងវាយតម្លៃដោយ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងថ្នាក់ដឹកនាំក្រសួង, តំណាងរដ្ឋបាលរាជធានីភ្នំពេញ, រដ្ឋបាលខេត្តកណ្តាល, ក្រុមហ៊ុន OCIC, ក្រុមហ៊ុនធីភីម៉ូរ៉ាល់គ្រុប និងភាគីពាក់ព័ន្ធ កាលពីថ្ងៃទី២៨ ខែមករា។

ការសាងសង់ស្ពានតភ្ជាប់ភ្នំពេញ ទៅក្រុងអរិយក្សត្រ គឺជាគម្រោងមួយនៃគម្រោងក្រុងរណបមេគង្គឃី ដែលមានផ្ទៃដីប្រមាណ ២១០ហិកតា ស្ថិតនៅតាមដងទន្លេមេគង្គទល់មុខទន្លេចតុមុខ។ គម្រោងនេះ នឹងរៀបចំសាងសង់ដោយបែងចែកជាផ្នែកសំខាន់ៗ ដូចជា ផ្នែកអគារពាណិជ្ជកម្មលក្ខណៈទំនើប, ផ្សារ ទំនើប, មជ្ឈមណ្ឌលអប់រំ, សណ្ឋាគារស្តង់ដាអន្តរជាតិ, មជ្ឈមណ្ឌលទេសចរណ៍ និងវប្បធម៌ ជាដើម។

ក្នុងពិធីបើកការដ្ឋានសាងសង់ទីក្រុងមេគង្គឃី កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកឡើងថា គម្រោងទីក្រុងដ៏ធំនេះ គឺជាការវិនិយោគដ៏ត្រឹមត្រូវមួយដែលបាន បង្ហាញថា វិស័យអចលនទ្រព្យនៅកម្ពុជា ដែលកំពុងងើបឡើងវិញជាបណ្តើរៗ។

គម្រោងនេះ នឹងរួមចំណែកបំពេញក្តីប្រាថ្នារបស់ពលរដ្ឋផង និងជំរុញកំណើនសេដ្ឋកិច្ចជាតិជារួមផង តាមរយៈការជួយបង្កើនភាពសកម្មនៃវិស័យអចលនទ្រព្យ, វិនិយោគ, ពាណិជ្ជកម្ម, បដិសណ្ឋារកិច្ច, ក៏ដូចជា ការជួយផ្សព្វផ្សាយវប្បធម៌ និង ទេសចរណ៍របស់កម្ពុជា។ ក្រោយសាងសង់រួច ប្រមុខរដ្ឋាភិបាលកម្ពុជា រំពឹងខ្ពស់ថា គម្រោងនេះ នឹងនាំការរីកចម្រើននៅផ្នែកខាងកើតទន្លេមេគង្គទាំងមូល។

សម្ដេចធិបតី បានថ្លែងដូច្នេះថា «ខ្ញុំសង្ឃឹមថា សក្ដានុពលនៃការតភ្ជាប់ទាំងនេះ នឹងនាំយកការរីក ចម្រើននៅផ្នែកខាងកើតទន្លេមេគង្គ មិនត្រឹមតែក្រុងអរិយក្សត្រ ឬក្រុងរណបមេគង្គឃី ប៉ុណ្ណោះទេ។ វា នឹងរីកចម្រើន ហើយតភ្ជាប់គ្នា រហូតក្លាយជាតំបន់ឧហ្សាកម្ម និងក្លាយជាតំបន់ទំនើបដូចនៅទិសខាលិច រាជធានីភ្នំពេញដែរ»៕ ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…