ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

វិនិយោគិនកូរ៉េកំពុងចាប់អារម្មណ៍ខ្លាំងលើទីផ្សារកម្ពុជា

KPS99TV

សេចក្តីសង្ខេប

ប្រតិភូ KOCHAM ដឹកនាំដោយ Sungsoo Kim ជួប ស៊ុន ចាន់ថុល ថ្ងៃទី២៩ មករា ដើម្បីពិភាក្សាការដោះស្រាយបញ្ហាវិនិយោគ ផែនការ Roadshow នៅកូរ៉េត្រីមាសទី២ និងគំនិតអាហារពេលព្រឹកការងារប្រចាំខែ។

គណៈប្រតិភូនៃសមាគមធុរកិច្ចនៃសាធារណរដ្ឋកូរ៉េនៅកម្ពុជា (KOCHAM) បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងលើទីផ្សារកម្ពុជា ដោយសារកំណើននៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជានាពេលប៉ុន្មានឆ្នាំចុងក្រោយ។

ចំណាប់អារម្មណ៍នេះ ត្រូវបានគណៈប្រតិភូនៃសមាគមធុរកិច្ចនៃសាធារណរដ្ឋកូរ៉េនៅកម្ពុជា (KOCHAM) ដឹកនាំដោយលោក Sungsoo Kim អគ្គនាយកប្រតិបត្តិ នៃគ្រឹស្ថានមីក្រូហិរញ្ញវត្ថុព្រែម (Prime MFI) បានបង្ហាញនៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៩ ខែមករា ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងជំរុញបរិយាកាសវិនិយោគឱ្យកាន់តែប្រសើរឡើង។

បើតាមទំព័រហ្វេសប៊ុករបស់ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា ជំនួបនេះបានឆ្លុះបញ្ចាំងពីទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំរវាងកម្ពុជានិងសាធារណរដ្ឋកូរ៉េ ព្រមទាំងដាក់ចេញនូវយន្តការថ្មីៗ ដើម្បីដោះស្រាយបញ្ហាប្រឈម និងក្តាប់យកឱកាសវិនិយោគ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា យន្តការ "កិច្ចសន្ទនារវាងវិស័យសាធារណៈ និងវិស័យឯកជន កម្ពុជា-កូរ៉េ" មានសារៈសំខាន់ និងជាវេទិកាដ៏មានប្រសិទ្ធភាពក្នុងការស្តាប់ និងដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិន។ ឯកឧត្តមបានលើកទឹកចិត្តឱ្យ KOCHAM ក៏ដូចជាក្រុមហ៊ុនកូរ៉េទាំងអស់ រាយការណ៍រាល់បញ្ហា ឬឧបសគ្គនានាដែលបានជួបប្រទះតាមរយៈយន្តការនេះ ដើម្បីឱ្យរាជរដ្ឋាភិបាលអាចជួយសម្របសម្រួលបានទាន់ពេលវេលា។

ក្នុងនាមជាសេនាធិការច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ក្នុងនាមជាស្ថាប័នផ្តល់ការសម្របសម្រួលរាល់ការវិនិយោគពីបរទេសផ្តល់ភាពងាយស្រួលក្នុងការចុះបញ្ជី និងការអនុវត្តគម្រោង។ កម្ពុជាមានបំណងចង់ឃើញវត្តមានវិនិយោគិនកូរ៉េកាន់តែច្រើន បន្ថែមទៀតនៅកម្ពុជា និងបានជំរុញឱ្យ KOCHAM ជួយស្វែងរកគម្រោងវិនិយោគដែលមានសក្ដានុពល និងគុណភាពខ្ពស់ដែលស័ក្តិសមសម្រាប់ក្រុមហ៊ុនធំៗពីប្រទេសកូរ៉េ។

តាមរយៈជំនួបនេះ ភាគីទាំងពីរ បានពិភាក្សាបន្ថែមលើសកម្មភាពសំខាន់ៗមួយចំនួន ដើម្បីបង្កើនទំនុកចិត្ត និងពង្រីកបណ្តាញធុរកិច្ច រួមមាន៖ ការត្រៀមរៀបចំបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅកូរ៉េ (Investment Roadshow in Korea) ដែលគ្រោយនឹងប្រព្រឹត្តទៅនាក្នុងត្រីមាសទី២ នៃឆ្នាំ២០២៦ ដោយរំពឹងថានឹងមានការចូលរួមយ៉ាងសកម្មពីសំណាក់ KOCHAM ផងដែរ សំដៅទាក់ទាញអ្នកវិនិយោគថ្មីៗបន្ថែមពីកូរ៉េមកកាន់កម្ពុជា។

បន្ថែមពីនេះ ភាគីទាំងពីរបានលើកឡើងពីគំនិតផ្តួចផ្តើមឱ្យមានការរៀបចំកម្មវិធី "អាហារពេលព្រឹកការងារ" (Working Breakfast) រៀងរាល់មួយខែម្តង ជាមួយបណ្តាសភាពាណិជ្ជកម្មទាំងអស់នៅកម្ពុជា ដើម្បីពង្រឹងបណ្តាញទំនាក់ទំនង និងផ្លាស់ប្តូរព័ត៌មានសេដ្ឋកិច្ចនានា។

ទន្ទឹមគ្នានេះ លោក Sungsoo Kim ប្រធានប្រតិភូ បានជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រីថា វិនិយោគិនកូរ៉េកំពុងមានការចាប់អារម្មណ៍ខ្លាំងលើទីផ្សារកម្ពុជា ដោយសារកំណើននៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជានាពេលប៉ុន្មានឆ្នាំចុងក្រោយ។

លោកបញ្ជាក់បន្ថែមថា KOCHAM នឹងដើរតួនាទីជាស្ពានចម្លងដ៏សំខាន់ក្នុងការនាំយកកង្វល់ និងសំណូមពររបស់ធុរជនកូរ៉េមកកាន់យន្តការពិភាក្សាផ្លូវការ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន។

ជំនួបនេះមិនត្រឹមតែជាការរឹតចំណងមិត្តភាពប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបោះជំហានថ្មីមួយក្នុងការធ្វើឱ្យកម្ពុជា ក្លាយជាគោលដៅវិនិយោគលំដាប់ជួរមុខសម្រាប់ក្រុមហ៊ុនកូរ៉េ ក្រោមការសម្របសម្រួលយ៉ាងជិតស្និទ្ធពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…