រដ្ឋមន្រ្តីការបរទេសហ្វីលីពីន លោកស្រី Theresa Lazaro បានធ្វើសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃម្សិលមិញ (ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦) នៅមណ្ឌលព័ត៌មាន Media Center ដែលត្រូវចំណាយពេលជិតកន្លះម៉ោងពីកន្លែងប្រជុំចង្អៀតរបស់រដ្ឋមន្រ្តីការបរទេសអាស៊ាន (AMM Retreat) នៅលើកោះសេប៊ូ។
អំឡុងពេលនោះ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំលើកនេះ មិនមានអ្នកសារព័ត៌មានបរទេសច្រើនទេ ក្រៅតែអ្នកសារព័ត៌មានជនជាតិហ្វីលីពីន ហើយក៏មិនមានអ្នកសារព័ត៌មានណាម្នាក់ផ្សេងទៀតមកពីកម្ពុជានោះដែរ។
ប្រធានក្លិបអ្នកកាសែតកម្ពុជា បន្តថាអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺលោកស្រី Lazaro បានថ្លែងនៅចុងបញ្ចប់នៃសន្និសីទសារព័ត៌មានថា មិនមានអ្នកសារព័ត៌មានសួរគាត់អំពីជម្លោះព្រំដែនកម្ពុជា-ថៃ វាជាល្បោយមួយដែលធ្វើឱ្យអ្នកសារព័ត៌មានចាប់អារម្មណ៍ទៅនឹងការត្រៀមឆ្លើយរាល់សំណួរទាំងអស់របស់លោកស្រី។ លោកស្រីចង់បង្ហាញថា ពេលប្រទេសគាត់ធ្វើប្រធានអាស៊ានឆ្នាំនេះ មានរឿងរ៉ាវច្រើនដែលបានពិភាក្សា មិនមែនមានតែបញ្ហាសមុទ្រចិនខាងត្បូង និងមីយ៉ាន់ម៉ា ដូចដែលអ្នកសារព័ត៌មានបានចោទសួរប៉ុណ្ណោះទេ។ យ៉ាងណាក៏ដោយ ក្រោយសន្និសីទសារព័ត៌មានចប់ អ្នកសារព័ត៌មានក៏បានសួរគាត់បន្ថែមអំពីជម្លោះព្រំដែនកម្ពុជា-ថៃ ហើយគាត់ក៏ឆ្លើយដោយខ្លីថា “There was no breakthrough regarding the Thailand-Cambodia border dispute issue.” (មិនមានសម្រេចអ្វីឡើយជុំវិញបញ្ហានៃជម្លោះព្រំដែនកម្ពុជា-ថៃ)។
លោក ពុយ គា ក៏បានបញ្ជាក់ដែរថា នៅអំឡុងថ្ងៃ AMM Retreat ចាប់ផ្តើមនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ទំនាក់ទំនងការទូតរវាងហ្វីលីពីន និងចិនបានឡើងកម្តៅខ្លាំង ដោយហ្វីលីពីនព្រមានដេញមន្ត្រីទូតចិនចេញពីប្រទេសហ្វីលីពីន ហើយស្ថានទូតចិននៅហ្វីលីពីនគម្រាមថា បើហ៊ានដេញមន្រ្តីអ្នកនាំពាក្យរងរបស់ស្ថានទូតចិនចេញពីហ្វីលីពីនមែន នោះឯកអគ្គរដ្ឋទូត និងមន្រ្តីការទូតទាំង១២រូបដែលកំពុងបំពេញការងារនៅហ្វីលីពីននឹងចាកចេញពីប្រទេសនេះទាំងអស់គ្នា ភ្លាមៗតែម្តង៕
ប្រភព៖ លោក ពុយ គា
សម្រួល៖ ចិន្តា ទីទិ











