រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កញ្ញាឯក Miss Universe Cambodia ២០រូបធ្វើទស្សនកិច្ចនៅសណ្ឋាគារខែមរះ និងស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

កញ្ញាឯក Miss Universe   Cambodia 2025 ចំនួន២០រូប ដឹកនាំដោយអ្នកនាងប្រាសាទ ដាវីន និងលោកសួស្ដី នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៥ បានធ្វើដំណើរពីរាជធានីភ្នំពេញមកកាន់ខេត្តព្រះសីហនុ ដើម្បីទស្សនកិច្ចនៅសណ្ឋាគារខែមរះ ដែលជាសណ្ឋាគារដ៏ប្រណិតមានបន្ទប់ទំនើបៗលំដាប់VIP សម្រាប់ផ្តល់ជូនភ្ញៀវជាតិ-អន្តរជាតិស្នាក់នៅប្រកបដោយផាសុខភាព។ 

ដំណើរទស្សនកិច្ចនេះ កញ្ញាឯក Miss Universe ក៏បានចូលទស្សនាទិដ្ឋភាពផ្ទាល់ក្នុងស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ (KPS99TV) ដែលមានទីតាំងនៅជាន់ទី១០ នៃសណ្ឋាគារខែមរះផងដែរ។ ស្ថានីយ ក៏មានសារៈមន្ទីរដែលដាក់តាំងវត្ថុបុរាណចិនគ្រប់សម័យកាលជាច្រើន ក្នុងនោះកញ្ញាឯកក៏បានជួបជាមួយបុគ្គលិកស្ថានីយដែលមានភាពរួសរាយរាក់ទាក់ ផ្ដល់ស្នាមញញឹមយ៉ាងកក់ក្ដៅ និងបានសំណេះសំណាលគ្នាជាច្រើនពាក់ព័ន្ធនឹងដំណើរការក្នុងស្ថានីយ។ 

ទន្ទឹមគ្នានេះ តំណាងកញ្ញាឯកអ្នកនាងប្រាសាទ ដាវីន និងលោកសួស្ដី  បានកោតសរសើរស្ថានីយ KPS99TV ដែលមានបុគ្គលិករួសរាយរាក់ទាក់ និងមានឧបករណ៍ទំនើបៗនៅក្នុងស្ទូឌីយោ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយព័ត៌មានពិតអំពីសក្តាសនុពលនៃប្រទេសកម្ពុជាទៅកាន់ពិភពលោក រួមមាន ប្រពៃណីទំនៀមទម្លាប់ វប្បធម៌ តំបន់ទេសចរណ៍ វិនិយោគ ជាពិសេសអំពីទំនាក់ទំនងកម្ពុជា-ចិន។ ក្នុងនោះ ពួកគេក៏បានថតរូបអនុស្សាវរីយរវាងកញ្ញាឯក Miss Universe Cambodia និងក្រុមការងារស្ថានីយទូរទស្សន៍KPS99TV ផងដែរ។ 

គួររំលឹកថា Miss Universe បានធ្វើដំណើរទស្សនកិច្ចចមកកាន់ខេត្តព្រះសីហនុ កាលពីថ្ងៃទី៤-៦ ខែកក្កដានាពេលកន្លងទៅទទួលបានជោគជ័យ និងការស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកតំណាងសណ្ឋាគារខែមរះ ។ ដំណើរទស្សនកិច្ចនេះ ក៏ដើម្បីផ្សព្វផ្សាយពីខេត្តខេត្តព្រះសីហនុ និងខេត្តជាប់មាត់សមុទ្រផ្សេងទៀតរបស់ប្រទេសកម្ពុជា ក្នុងការជំរុញឱ្យមានកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ដំណើរទស្សនៈកិច្ចនេះ ក៏ជាផ្នែកមួយនៃការប្រកួតប្រជែងផងដែរ។ ក្រុមការងារកញ្ញាឯក ក៏បានទៅដល់ឆ្នេរដ៏ស្រស់ស្អាតនៅភូមិនេសាទ ដៃឆ្នេរសមុទ្ររាម និងកោះរ៉ុង ដែលជាកោះដែលមានឆ្នេរខ្សាច់សក្បុស ទឹកថ្លាឆ្វង់ គួរជាទីមនោរម្យ ដែលស្ថិតនៅក្នុងទឹកដីនៃខេត្តព្រះសីហនុ៕

ដោយ ៖ ឡាយ កុល

មតិយោបល់

កំពុងផ្ទុកមតិយោបល់…