ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ភ្នំខ្នងផ្សារ ក្លាយជាគោលដៅទេសចរណ៍បៃតងគំរូ ជំរុញការអភិរក្សធនធានធម្មជាតិ និងជីវភាពប្រជាពលរដ្ឋ

KPS99TV

សេចក្តីសង្ខេប

គម្រោងលំហែបៃតងខ្នងផ្សារនៅកំពង់ស្ពឺបានសាងសង់រួច១០០ភាគរយ ហើយគណៈប្រតិភូចុះពិនិត្យថ្ងៃទី៣១ មករា និងពិភាក្សាការអភិវឌ្ឍបន្ត។

គម្រោងអភិវឌ្ឍន៍គោលដៅលំហែបៃតង ភ្នំខ្នងផ្សារ ស្ថិតនៅភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានសម្រេចលទ្ធផលសាងសង់រួចរាល់ ១០០ភាគរយ និងកំពុងក្លាយជាគោលដៅទេសចរណ៍ធម្មជាតិដ៏សំខាន់មួយ សម្រាប់សហគមន៍ក្នុងការគ្រប់គ្រង ប្រកបដោយចីរភាព ដោយរួមចំណែកលើកកម្ពស់ទាំងជីវភាព និងការចូលរួមការពារ អភិរក្សធនធានធម្មជាតិ។

សមិទ្ធផលសំខាន់ៗនៃគម្រោងរួមមាន ការសាងសង់ក្លោងទ្វារឡើងភ្នំ ដំណាក់ដំរី បន្ទប់ទឹកស្អាត កន្លែងចតរថយន្ត និងម៉ូតូ សួនច្បារ ការដាំដើមឈើចម្រុះ ហាងកាហ្វេ ផ្សារសហគមន៍ ស្នាក់ការផ្តល់ព័ត៌មានទេសចរណ៍លើភ្នំ និងបន្ទប់សង្គ្រោះបឋម ដែលសុទ្ធសឹងតែបានបញ្ចប់រួចរាល់ ១០០ %។

ជាមួយគ្នានេះ ការសាងសង់ផ្លូវចូលតំបន់ភ្នំប្រវែង ៧,២គីឡូម៉ែត្រ  ទទឹង៨ម៉ែត្រ ចាប់ពីវត្តតាំងបំពង់ ដល់ជើងភ្នំខ្នងផ្សារ ដែលអនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំចាក់ដី និងក្រាលគ្រួសស្អាតរួចរាល់ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរឲ្យកាន់តែងាយស្រួល និងមានសុវត្ថិភាព។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា គម្រោងអភិវឌ្ឍន៍គោលដៅលំហែបៃតងនៅភ្នំខ្នងផ្សារ គឺជាការឆ្លើយតបនឹងគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងការគ្រប់គ្រងធនធានធម្មជាតិឲ្យបានយូរអង្វែង សម្រាប់ប្រយោជន៍ប្រជាពលរដ្ឋ និងកូនចៅជំនាន់ក្រោយ។

ឯកឧត្តមបានបន្ថែមថា គម្រោងនេះមិនត្រឹមតែរួមចំណែកការពារ និងអភិរក្សបរិស្ថាន ធនធានធម្មជាតិ និងជីវៈចម្រុះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់ជីវភាពគ្រួសារសហគមន៍ បំលែងប្រជាពលរដ្ឋពីការពឹងផ្អែកលើសកម្មភាពខុសច្បាប់ ដូចជាការកាប់ឈើ និងបរបាញ់សត្វព្រៃ មកជាសហគ្រិនទេសចរណ៍សហគមន៍ដែលអាចបង្កើនប្រាក់ចំណូល និងចូលរួមការពារធនធានធម្មជាតិបានប្រកបដោយប្រសិទ្ធភាព។

សូមបញ្ជាក់ថា នៅថ្ងៃសៅរ៍ ទី៣១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានអញ្ជើញដឹកនាំប្រតិភូថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្រសួងបរិស្ថាន ចុះពិនិត្យសមិទ្ធផលថ្មីនៃគម្រោង និងពិភាក្សាផែនការអភិវឌ្ឍន៍បន្ត ទាំងផ្លូវឡើងភ្នំ និងតំបន់លើភ្នំខ្នងផ្សារ។ ក្នុងឱកាសនេះ ក៏មានការចូលរួមពី ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម តំណាងអង្គការ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងប្រជាពលរដ្ឋនៃសហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើងផងដែរ។

ក្នុងដំណើរទស្សនកិច្ចនេះ ប្រតិភូបានចូលរួមដាំដើមឈើ «សន្តិភាព» នៅក្លោងទ្វារចូល ដំណាក់ដំរី ជើងភ្នំ មុនធ្វើដំណើរឡើងភ្នំខ្នងផ្សារដោយថ្មើជើង។ ការធ្វើដំណើរនេះ បានឆ្លងកាត់ដំណាក់នីមួយៗ ដែលមានកន្លែងអង្គុយសម្រាកលម្ហែ ស្លាកព័ត៌មានអំពីចម្ងាយផ្លូវ និងអត្ថប្រយោជន៍សុខភាពពីការឡើងភ្នំ អនុញ្ញាតឲ្យភ្ញៀវទេសចរស្រូបយកខ្យល់អាកាសបរិសុទ្ធ និងគយគន់ទេសភាពធម្មជាតិដ៏ស្រស់ស្អាត។

សូមជម្រាបថា ការឡើងភ្នំខ្នងផ្សារដោយថ្មើជើងមានចម្ងាយជាង៤គីឡូម៉ែត្រ និងចំណាយពេលប្រមាណ៤ម៉ោង ទើបអាចទៅដល់តំបន់បោះតង់នៅលើខ្នងភ្នំ។ ដោយ៖ KPS99TV

មតិយោបល់

កំពុងផ្ទុកមតិយោបល់…